2025-10-24
ទូច សូរិយា
2025-10-24
ទូច សូរិយា
ភ្នំពេញ៖ សហភាពអឺរ៉ុប កំពុងសហការជាមួយកម្ពុជា ដើម្បីគាំទ្រកសិករ និងសហគ្រាសធុនតូច មធ្យម (SMEs) ក្នុងការនាំចេញផលិតផលរបស់កសិករទៅកាន់ទីផ្សារអន្តរជាតិ ពិសសទីផ្សារអឺរ៉ុប។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ក្នុងវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេច លើកទី១ នៅថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៥ ក្រោមមូលបទ៖ «ការបើកច្រកទីផ្សារទៅកាន់សហភាពអឺរ៉ុប»។
ក្នុងវេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចនេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា កម្ពុជា មានស្តង់ដារជាតិសម្រាប់ផលិតផលគ្រាប់ស្វាយចន្ទីចំនួន ១ ស្តង់ដារ និងផលិតផលម្រេចចំនួន ៤ ស្តង់ដារ ហើយកំពុងកែសម្រួលស្តង់ដារគ្រាប់ស្វាយចន្ទីឱ្យសមស្របទៅតាមស្ថានភាពបច្ចុប្បន្ន។ ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ថា ក្រសួងឧស្សាហកម្ម លើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធបន្តចូលរួមសហការ ដើម្បីអភិវឌ្ឍន៍ស្តង់ដារស្វាយចន្ទី និងម្រេចបន្ថែមទៀត ឱ្យស្របតាមតម្រូវការទីផ្សារជាតិ និងអន្តរជាតិ ព្រមទាំងបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសលើការដឹកជញ្ជូនកន្លែងស្តុកទុក និងរោងចក្រកែច្នៃ ដើម្បីបង្កើនតម្លៃបន្ថែមនៃផលិតផលស្វាយចន្ទី និងម្រេចសម្រាប់ទីផ្សារថ្មីៗ។
ទន្ទឹមនឹងនេះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្ពុជា កំពុងពង្រីកលទ្ធភាពទទួលបានទីផ្សារថ្មីៗ និងពង្រឹងកេរ្តិ៍ឈ្មោះក្នុងនាមជាដៃគូពាណិជ្ជកម្មប្រកបដោយទំនុកចិត្ត តាមរយៈការទាញយកប្រយោជន៍ពីកិច្ចសម្រួលពាណិជ្ជកម្មនិងអនុគ្រោះផ្សេងៗ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP)។
លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា បានបន្តប្តេជ្ញាលើកកម្ពស់ភាពប្រកួតប្រជែងជាសាកលនៃវិស័យយុទ្ធសាស្ត្រលើផលិតផលស្វាយចន្ធី និងម្រេចដែលមានគុណភាពខ្ពស់ សំដៅសម្រេចបាននូវមហិច្ឆតាពង្រឹងឋានៈរបស់ខ្លួនឱ្យក្លាយជាប្រទេសដែលផលិត និងនាំចេញឈានមុខគេ។
នាឱកាសនោះ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានលើកឡើងថា ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេក្នុងសហភាពអឺរ៉ុប អាល្លឺម៉ង់មានតម្រូវការផលិតផលដែលមានគុណភាពខ្ពស់ និងមានប្រភពច្បាស់លាស់ ក្នុងនោះកម្លាំងទិញរបស់អ្នកប្រើប្រាស់នៅអាល្លឺម៉ង់ បានផ្តល់ឱកាសយ៉ាងធំសម្រាប់ការនាំចេញពីកម្ពុជា៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី