2025-12-29
ឃី ភារៈ
2025-12-29
ឃី ភារៈ
វិមាន ៧មករា៖ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែធ្នូ ឆ្នាំ២០២៥ មជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) យានយន្ត បឹងបៃតងសែនសុខ នៃក្រុមហ៊ុន អេចខេ ខា អ៉ិនស្ពេកសិន (ខេមបូឌា) ដែលជាស្ថាបនិកមូលនិធិ «យុវជនខ្មែរតែមួយដើម្បីសន្តិភាព» ក្រោមការដឹកនាំរបស់ ឧកញ៉ាបណ្ឌិត ឃុន ចាន់ថា និងគណៈកម្មាការមូលនិធិ បានប្រគល់ជូនអំណោយមនុស្សធម៌ រួមមានថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភារនានា ដែលបានមកពីការចូលរួមរបស់ក្រុមហ៊ុន និងសប្បុរសជននានា ជូនដល់វីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកកម្ពុជា តាមរយៈយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដើម្បីគោរពជូនសម្តេចមហាបវរធិបតី សម្រេចចាត់ចែងតាមការគួរដ៏ខ្ពង់ខ្ពស់បំផុត។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់របស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) យានយន្ត បឹងបៃតងសែនសុខ នៃក្រុមហ៊ុន អេចខេ ខា អ៊ិចស្តេកសិន (ខេមបូឌា) ដែលជាស្ថាបនិក «មូលនិធិយុវជនខ្មែរតែមួយដើម្បីសន្តិភាព» ក្រោមការដឹកនាំដោយ ឧកញ៉ាបណ្ឌិត ឃុន ចាន់ថា និងគណៈកម្មាការមូលនិធិ ព្រមទាំងសប្បុរសជន ដែលបានជួយគាំទ្រដល់ប្រជាពលរដ្ឋភៀសសឹក រងគ្រោះដោយសារសង្គ្រាម ជាពិសេសនៅតំបន់ព្រំដែន។
មូលនិធិ «យុវជនខ្មែរតែមួយដើម្បីសន្តិភាព» ប្រគល់អំណោយមនុស្សធម៌ ដែលបានមកពីការចូលរួមរបស់ក្រុមហ៊ុន និងសប្បុរសជននានា ជូនដល់វីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកកម្ពុជា តាមរយៈយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល រួមមាន៖ ថវិកា ១០លានរៀល អង្ករ ២៦០បាវ ក្នុង១បាវតូច ៥គីឡូ មី ចំនួន ៨៨កេស គុយទាវ ១ប្រអប់ ទឹកត្រី ២៥យួរ ទឹកស៊ីអីវ ២៥យួរ ត្រីខ ១០យួរ ប្រេងឆា ១០ដប ទឹកសុទ្ធ ១១៥កេស និង២០យួរ ដំណាប់ផ្លែឈើ ១កេស ឆៃប៉ូវផ្អែម ២០គីឡូក្រាម នំចេកឆាប ១១កេស នំអង្ករលីងកំពត ៤កេស ពងទា ៣០គ្រាប់ សំម្លៀកបំពាក់មនុស្សស្រី ១០០ឈុត សំលៀកបំពាក់ ក្មេងស្រី ២៣ឈុត ភួយ ១កេស សំលៀកបំពាក់បុរស ៤៨ឈុត ស្រោមខ្នើយ ១ ធូបមូស ៣០ប្រអប់ សាច់ជ្រូកប្រឡាក់ ៨គីឡូ និងស្បែកជើងផ្ទាត់ ៣៦០គូរ ចំនួន ៦កេស។
យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទទី២៩ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថាលក្ខខណ្ឌនៃការអនុវត្តបទឈប់បាញ់ បានបើកផ្លូវឱ្យបងប្អូនភៀសសឹក ដែលមានលំនៅដ្ឋានតាមតំបន់ព្រំដែន អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញ ដោយគ្មានឧបសគ្គ និង ប្រកបដោយសុវត្ថិភាព និង សេចក្តីថ្លៃថ្នូរ ក្នុងតំបន់រៀងខ្លួន។
ពាក់ព័ន្ធនឹងចំណុចនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ណែនាំដល់ក្រសួងការពារជាតិ, ក្រសួងមហាផ្ទៃ និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ឱ្យចាត់ចែងកំណត់ទីតាំងដែលមានសុវត្ថិភាពគ្រប់គ្រាន់ និង រៀបចំការសម្របសម្រួល ដើម្បីបងប្អូនជនភៀសសឹករបស់យើង អាចវិលត្រឡប់ទៅកាន់គេហដ្ឋានវិញ ឱ្យបានឆាប់បំផុត តាមដែលអាចធ្វើបាន។
ទន្ទឹមនឹងនេះសម្តេចមហាបវរធិបតី បានគូសបញ្ជាក់ថា៖«ចំពោះតំបន់ដែលមិនទាន់មានភាពអំណោយផលសម្រាប់ការវិលត្រលប់ដោយសុវត្ថិភាព រាជរដ្ឋាភិបាលនឹងស្វែងរកដំណោះស្រាយចំពោះមុខ សម្រាប់បងប្អូនដែលរស់នៅតំបន់នោះ»។
តាមរយៈប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រជាជនកម្ពុជាប្រជាង ៦៤ ម៉ឺននាក់ ដែលបានក្លាយជាជន ភៀសសឹក តាមរយៈទង្វើឈ្លានពានយ៉ាងកំរោល និងដ៏ឃោរឃៅរបស់យោធាថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា គឺមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានទាំងអស់វិញនៅឡើយទេ។
អាស្រ័យហេតុនេះ «មូលនិធិយុវជនខ្មែរតែមួយ ដើម្បីសន្តិភាព» នៅតែបន្តទទួលការបរិច្ចាគពីសប្បុរសតាមសទ្ធា និងលទ្ធភាព ទោះតិច ឬច្រើនក្តី ដើម្បីជាបុព្វហេតុសាមគ្គីភាពគ្នាជាធ្លុងមួយ ខ្មែរជួយខ្មែរ ដើម្បីជាខឿនដ៏រឹងមាំការពារប្រជាជន ការពារជាតិ ការពារទឹកដី ប្រឆាំងនឹងសត្រូវឈ្លានពាន! ខ្មែររួបរួមសាមគ្គី! ខ្មែរតែមួយខ្មែរខ្លាំង!។ សូមអរគុណ
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី