2025-08-14
ឃី ភារៈ
2025-08-14
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស្នើដល់ គណៈប្រតិភូទីក្រុង Kitakyushu ប្រទេសជប៉ុន បន្តកិច្ចសហការ ដើម្បីបង្កើតនវានុវត្តន៍ កសាងជំនាញ និងជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យទឹកស្អាតនៅកម្ពុជាបន្ថែមទៀត។
ក្នុងជំនួបជាមួយគណៈប្រតិភូទីក្រុង Kitakyushu ដែលបានចូលរួមអនុវត្ត គម្រោងហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន នៅរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ ដោយធ្វើការសម្ពោធនាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី កោតសរសើររដ្ឋបាលក្រុង Kitakyushu និងសមាគមអាជីវកម្មទឹកស្អាតក្រៅប្រទេសក្រុង Kitakyushu ចំពោះភាពជាដៃគូរយៈពេលវែង នៅកម្ពុជា។ ឯកឧត្តម បន្តថា គំរូក្រុមហ៊ុនមានកម្មវត្ថុពិសេសនេះផ្តល់ជាមូលដ្ឋានសម្រាប់ការវិនិយោគនាពេលអនាគត និងពង្រឹងទំនុកចិត្តរវាងកម្ពុជា និងសមភាគីជប៉ុន។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីឧស្សាហកម្ម ស្នើឱ្យក្រុមហ៊ុននៃក្រុង Kitakyushu បន្តវិនិយោគ រួមចំណែកអភិវឌ្ឍប្រព័ន្ធឌីជីថលជាតិសម្រាប់គ្រប់គ្រងវិស័យទឹកស្អាត ព្រមទាំងគាំទ្រដល់នវានុវត្តន៍ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងវិស័យនេះបន្តទៀត។ ជាការឆ្លើយតប លោកសាស្ត្រាចារ្យ Sato Yuya អនុប្រធានសមាគម KOWBA បញ្ជាក់ការប្តេជ្ញាចិត្តរបស់សមាគម និងក្រុង Kitakyushu ក្នុងការគាំទ្រគម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ និងការបន្តបណ្តុះបណ្តាល ប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតផ្សេងទៀត។
លោកសាស្ត្រាចារ្យ Sato Yuya គូរបញ្ជាក់ថាទីក្រុង Kitakyushu និងសមាគម KOWBA នឹងបន្តធ្វើជាដៃគូរយៈពេលវែងរបស់កម្ពុជាក្នុងវិស័យទឹកស្អាត ហើយខែតុលាខាងមុខនេះ កម្ពុជា-ជប៉ុន នឹងអបអរខួប១០ឆ្នាំនៃសម្ព័ន្ធមេត្រីភាពរវាងទីក្រុង Kitakyushu និងរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា គម្រោងប្រើប្រាស់គំរូ «ក្រុមហ៊ុនមានកម្មវត្ថុពិសេស» ដែលភាគីជប៉ុនទទួលបន្ទុកសាងសង់ ប្រតិបត្តិការ និងផ្តល់សេវាថែទាំរយៈពេល១០ឆ្នាំ មុននឹងប្រគល់រោងចក្រជូនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ វិធីសាស្ត្រនេះរួមបញ្ចូលទាំងការវិនិយោគ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងជំនាញប្រតិបត្តិការរបស់ភាគីជប៉ុន សម្រាប់បំពេញសេចក្តីត្រូវការទាំងគុណភាព និងបរិមាណទឹកស្អាត ដែលកាន់តែកើនឡើងនៅក្នុងក្រុងតាខ្មៅ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី