2025-08-12
ទូច សូរិយា
2025-08-12
ទូច សូរិយា
ភ្នំពេញ៖ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម កម្ពុជាអាចនាំចេញទំនិញទៅទីផ្សារអេមីរ៉ាតអារ៉ាប់រួមជាមួយអត្រាពន្ធនាំចូលសូន្យលើមុខទំនិញសំខាន់ៗដូចជា៖ ផលិតផលវាយនភ័ណ្ឌនិងសម្លៀកបំពាក់, កង់, បន្ទះសូឡា, គ្រឿងបង្គុំអេឡិចត្រូនិច, រថយន្តអគ្គិសនី, កៅស៊ូ (Latex), អង្ករ, ដំឡូងមី, គ្រាប់ស្វាយចន្ទី, ម្រេច, កាហ្វេ, បន្ទះខ្លឹមចន្ទន៍, បន្លែ, ផ្លែឈើ, និងអាហារកែច្នៃ។
បន្ថែមលើនេះ កិច្ចព្រមព្រៀងនេះ ក៏នឹងអនុញ្ញាតឱ្យក្រុមហ៊ុនកម្ពុជាអាចផ្គត់ផ្គង់សេវាកម្មសំខាន់ៗរួមមាន៖ សេវាកម្មវិជ្ជាជីវៈនិងធុរកិច្ច សេវាកម្មសំណង់និងវិស្វកម្ម សេវាកម្មបរិស្ថាន និងសេវាកម្មដទៃទៀត ផងដែរ។
ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយលើកទី២ នេះ លោកជំទាវ តឹករ៉េត កំរង បានលើកឡើងថា ក្នុងកម្រិតទ្វេភាគី កិច្ចព្រមព្រៀងនេះ បានបន្តពង្រឹងមិត្តភាពដែលមានស្រាប់ជាប្រពៃណីរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម និងលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ តាមរយៈការធ្វើសេរីភាវូបនីយកម្មនៃពាណិជ្ជកម្មជាទំនិញ សេវា និងវិនិយោគ ក៏ដូចជាការធានាសង្គតិភាពនៃស្តង់ដារនិងអនុលោមភាព កិច្ចសម្រួលពាណិជ្ជកម្ម និងការលុបបំបាត់របាំងពាណិជ្ជកម្ម សំដៅជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ សម្រួលដល់លំហូរពាណិជ្ជកម្ម និងលើកទឹកចិត្តការវិនិយោគ។
ដោយឡែក ក្នុងកម្រិតតំបន់ កិច្ចព្រមព្រៀងនេះអាចជួយឱ្យកម្ពុជាបន្តធ្វើពិពិធកម្មទីផ្សារនាំចេញទំនិញទៅកាន់តំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិក ដែលមានអ្នកប្រើប្រាស់ជិត ២ពាន់លាននាក់។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានសង្ឃឹមថា វិស័យឯកជនកម្ពុជា នឹងអាចចូលរួមចំណែកយ៉ាងសំខាន់ក្នុងការប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិសេដ្ឋកិច្ចឱ្យមានលក្ខណៈទូលំទូលាយ និងស៊ីជម្រៅ តាមរយៈពាណិជ្ជកម្មទំនិញនិងសេវាកម្ម វិនិយោគ និងធុរកិច្ចទ្វេភាគី៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី