2025-05-12
ឃី ភារៈ
2025-05-12
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន MIRARTH Agritech ដែលកំពុងវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីនាំចេញ មានទីតាំងក្នុងខេត្តកំពង់ធំ ឱ្យចុះកិច្ចសន្យាទទួលទិញគ្រាប់ស្វាយចន្ទីពីសហគមន៍និងប្រជាកសិករ ដើម្បីជំរុញសន្ទុះនៃការលូតលាស់ដំណាំស្វាយចន្ទីកម្ពុជា ពិសេសនាំមកនូវចំណេះដឹងជំនាញ បទពិសោធ និងបច្ចេកវិទ្យាចាំបាច់ ក្នុងការបង្កើនផលិតកម្មស្វាយចន្ទី ដូចជាការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការដាំដុះជាដើម។
ក្នុងដំណើរទស្សនកិច្ចស្វែងយល់អំពីដំណើរការនៃកែច្នៃគ្រាប់ស្វាយចន្ទី កាលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ របស់ឯកឧត្តម វង្សី វិស្សុត លោក Ryohei Takesawa អ្នកទទួលបន្ទុកគ្រប់គ្រងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៃក្រុមហ៊ុន MIRARTH បានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន MIRARTH Agritech កំពុងទទួលទិញគ្រាប់ស្វាយចន្ទីស្រស់ពីសហគមន៍ចំនួន៥ ដោយក្នុងនោះ មានសហគមន៍ទំនើបចំនួន៣ ក្នុងខេត្តកំពង់ធំ ដែលមានទំហំ ៦តោនក្នុង១ថ្ងៃ មកកែច្នៃដើម្បីនាំចេញទៅទីផ្សារប្រទេសជប៉ុន និងសហភាពអឺរ៉ុប។
លោក Ryohei Takesawa បានបន្ថែមថា ក្រុមហ៊ុនគ្រោង នឹងពង្រីកសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីស្រស់ឱ្យឡើងដល់ជាង ២ម៉ឺនតោន ក្នុង១ឆ្នាំ នាពេលខាងមុខ និងបានដាក់ផែនការវិនិយោគលើការផលិតប្រេងជីវឥន្ធនៈផលិតចេញពីសំបកគ្រាប់ស្វាយចន្ទី ដែលនាំយកនូវគ្រឿងសម្ភារបរិក្ខា និងបច្ចេកវិទ្យាទំនើបៗពីប្រទេសជប៉ុនសម្រាប់បម្រើឱ្យការកែច្នៃ។ ជាមួយគ្នានេះ ឯកឧត្តម វង្សី វិស្សុត បានអរគុណដែលក្រុមហ៊ុន MIRARTH Agritech បានសម្រេចវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងខេត្តកំពង់ធំ។
ឯកឧត្តម វង្សី វិស្សុត ក៏បានគាំទ្រចំពោះក្រុមហ៊ុន ដែលមានគម្រោងធ្វើពិពិធកម្មសកម្មភាពកែច្នៃស្វាយចន្ទី ដែលសំដៅផលិតនូវផលិតផលមានតម្លៃបន្ថែមកាន់តែខ្ពស់ និងមានប្រយោជន៍សម្រាប់សង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក ហើយខេត្តកំពង់ធំ អាចជាមជ្ឈមណ្ឌលនៃផលិតកម្ម និងការកែច្នៃគ្រាប់ស្វាយចន្ទីផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ទីស្តី្កគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី