2025-12-27
ឃី ភារៈ
2025-12-27
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន ដើម្បីពិភាក្សាអំពីការវិវត្តថ្មីៗនៃស្ថានភាពរវាងកម្ពុជានិងថៃ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន ប្រទេសចិន តបតាមការអញ្ជើញរបស់ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កិច្ចប្រជុំនេះមានគោលបំណងសម្របសម្រួលការផ្លាស់ប្តូរយោបល់ប្រកបដោយការស្ថាបនា និង ភាពស្មោះត្រង់ ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ ដើម្បីពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក ជំរុញ ការកាត់បន្ថយភាពតានតឹង ក៏ដូចជាស្ដារឡើងវិញនូវសន្តិភាព សន្តិសុខ និងស្ថិរភាព នៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ។
កម្ពុជាវាយតម្លៃខ្ពស់ចំពោះតួនាទីចិន ក្នុងនាមជាម្ចាស់ផ្ទះ ដែលផ្តល់វេទិកាសម្រាប់កិច្ចសន្ទនា និងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងបង្កើនការយោគយល់គ្នាទៅវិញទៅមក និងចំពោះសន្តិភាពនិងស្ថិរភាព តំបន់។ កម្ពុជាបន្តបញ្ជាក់ចំពោះជំហរយ៉ាងមុតមាំក្នុងការដោះស្រាយទំនាស់ និងជម្លោះទាំងឡាយ តាម គ្រប់មធ្យោបាយសន្តិវិធី ការសន្ទនា និងផ្លូវការទូត ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
ក្រសួងការបរទេស ក៏បានបញ្ជាក់ផងដែរថា នាឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តម ប្រាក់ សុខុន ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម វ៉ាង យី ក្នុងគោលដៅពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជានិងចិន ដែលរួម ចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ក្នុងតំបន់ និងពិភពលោកទាំងមូល៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី