2025-09-16
គិត បុប្ផា
2025-09-16
គិត បុប្ផា
ភ្នំពេញ៖ វិស័យឯកជនចិន ឯកភាពជួយកៀរគរដៃគូ និងបុត្រសម្ព័ន្ធរបស់ខ្លួនមកវិនិយោគនៅកម្ពុជា ក្នុងវិស័យទេសចរណ៍ និងវិស័យសក្តានុពលផ្សេងទៀត តាមការស្នើសុំរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងកិច្ចប្រជុំយន្តការត្រីភាគី លើកទី២ រវាងក្រសួងទេសចរណ៍ ស្ថានទូតចិនប្រចាំកម្ពុជា និងក្រុមហ៊ុនទេសចរណ៍ចិនធំៗជាច្រើន។
ក្នុងកិច្ចប្រជុំដែលធ្វើឡើងតាមអនឡាញនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើឯកឧត្តមអគ្គរដ្ឋទូត មន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តជាំងស៊ូ និងខេត្តយូណាន ក៏ដូចជាវិស័យឯកជនចិន ជួយជំរុញដល់ការទាក់ទាញ និងនាំយកនូវក្រុមហ៊ុនអាកាសចរណ៍ក្នុងខេត្តរបស់ខ្លួន ក៏ដូចជាខេត្តផ្សេងៗទៀតក្នុងប្រទេសចិន ហោះហើរមកគោលដៅទេសចរណ៍សំខាន់ៗ របស់កម្ពុជា ដូចជាខេត្តសៀមរាប និងខេត្តព្រះសីហនុ ដើម្បីជំរុញការតភ្ជាប់ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន នៃប្រទេសទាំងពីរ។
ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ ក៏បានជំរុញឱ្យរៀបចំផែនការសកម្មភាព និងអនុវត្តជាក់ស្តែងលើកិច្ចប្រតិបត្តិការជាក់ស្តែង និងសកម្មលើអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះកន្លងមក ក៏ដូចជាការៀបចំ Famtrip និងការថតភាពយន្តទេសចរណ៍ (Film Tourism) រវាងកម្ពុជា-ចិន ឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀតផងដែរ។
គួរបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះ មានការចូលរួមពី ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា, លោក Li Chuan អនុប្រធានមន្ទីរវប្បធម៌ ទេសចរណ៍ខេត្តជាំងស៊ូ, លោក Gou Kaibo អនុប្រធានមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តយូណាន, លោកស្រី Zheng Lijuan នាយកប្រតិបត្តិ China Tourism Group Travel Services Corporation Limited (CTG Travel), លោកស្រី Zhang Ying អនុប្រធានស្ថានីយ៍ទូរទស្សន៍ វិទ្យុ ខេត្តយូណាន, លោក Zhang Wu'an អនុប្រធានក្រុមហ៊ុនអាកាសចរណ៍ Spring Airline, ឯកឧត្តម គឹម មិនា នាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា, ឧកញ៉ា ឌិន សុម៉េតធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា (CTF), លោក ហូ វណ្ឌី ប្រធានសមាគមទេសចរណ៍កម្ពុជា, លោកស្រី ឈុន លីណា តំណាងសមាគមសណ្ឋាគារកម្ពុជា, លោកបណ្ឌិត ធន់ ស៊ីណាន់ ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក និងតំណាងក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ លោក Zhang David នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍កម្ពុជា និងវិស័យឯកជនកម្ពុជា៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី