SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

វិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុន សន្យាជំរុញការបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយ សម្រាប់ទាក់ទាញវិនិយោគិនជប៉ុនមកកម្ពុជា


វិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុន សន្យាជំរុញការបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយ សម្រាប់ទាក់ទាញវិនិយោគិនជប៉ុនមកកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-05-17

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-05-17

គិត បុប្ផា

A+ A-

ភ្នំពេញ៖ លោកបណ្ឌិត Shoichi KOBAYASHI ប្រធានវិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុន (Japan Development Institute -JDI) សន្យាថាខិតខំចូលរួមជំរុញឱ្យមានការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយ សម្រាប់ទាក់ទាញការវិនិយោគរបស់ជប៉ុន មកកម្ពុជា បន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

ក្នុងជំនួបពិភាក្សា ជាមួយគណៈប្រតិភូនៃវិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុន នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងពីភាពជោគជ័យរបស់គម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសមួយចំនួននៅកម្ពុជា។ ឯកឧត្តម ជា វុទ្ធី មានប្រសាសន៍ថា គម្រោងទាំងនោះ ពិតជាបានចូលរួមធ្វើពិពិធកម្មឧស្សាហកម្មនៅកម្ពុជា ដោយបានស្រូបទាញនូវឧស្សាហកម្មថ្មីៗមួយចំនួន ដូចជាការដំឡើងយានយន្ត ការផលិតសំបកកង់យានយន្ត ការដំឡើងកង់ ការផលិតគ្រឿងសង្ហារិម ការផលិតសម្ភារបរិក្ខារអេឡិចត្រូនិក និងអគ្គិសនីជាដើម។

ឯកឧត្តមអគ្គលេខាធិការ ជា វុទ្ធី ក៏បានបង្ហាញការកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សន្ទុះការវិនិយោគថ្មីរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា នៅមានកម្រិតនៅឡើយ បើទោះបីជាមានការពង្រីកសកម្មភាពរបស់ការវិនិយោគជប៉ុន ដែលមានស្រាប់ក្តី ដូច្នេះហើយទើបឯកឧត្តម ស្នើឱ្យគណៈប្រតិភូជួយជំរុញឱ្យមានការបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយ ដើម្បីទាក់ទាញការវិនិយោគជប៉ុន ក៏ដូចជាក្រុមហ៊ុនផ្គត់ផ្គង់ដល់ក្រុមហ៊ុនជប៉ុន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ លោកបណ្ឌិត Shoichi KOBAYASHI ប្រធានគណៈប្រតិភូ បានអរគុណចំពោះ ឯកឧត្តមអគ្គលេខាធិការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបពិភាក្សាការងារ ព្រមទាំងបានផ្តល់ជូននូវព័ត៌មានពិស្តារពាក់ព័ន្ធនឹងបរិស្ថានវិនិយោគនៅកម្ពុជា និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា។

សូមជម្រាបថា JDI គឺជាក្រុមហ៊ុនប្រឹក្សាយោបល់ជប៉ុន ដែលបានចូលរួមក្នុងគម្រោងកសាងជាតិ (nation-building projects) នៅក្នុងប្រទេសនានា រយៈពេលប្រមាណ ៣០ឆ្នាំមកហើយ។ វិទ្យាស្ថាននេះ ផ្តោតសំខាន់ទៅលើការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ដែលវិទ្យាស្ថានជឿជាក់ថា អាចទាក់ទាញវិនិយោគ ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបង្កើតការងារ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី