2026-08-12
SME News
2026-08-12
SME News
ភ្នំពេញ៖ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃការអនុវត្ត «គម្រោងរៀបចំផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតទីប្រជុំជន» ដែលជាគម្រោងសហប្រតិបត្តិការបច្ចេកទេសរយៈពេល៣ឆ្នាំ ក្នុងគោលបំណងពង្រឹងការធ្វើផែនការរយៈពេលវែង សមត្ថភាព
ស្ថាប័ន និងការគ្រប់គ្រងវិស័យទឹកស្អាតទីប្រជុំជននៅកម្ពុជា។
គម្រោងបានបង្កើតឧបករណ៍គោលនយោបាយ និងផែនការសំខាន់ៗ រួមមានគោលការណ៍ណែនាំស្តីពីការអភិវឌ្ឍវិស័យទឹកស្អាតទីប្រជុំជន គោលដៅគោលនយោបាយចំនួន២១ ផែនការសកម្មភាពអាទិភាព គោលការណ៍ណែនាំស្តីពីការរៀបចំផែនការ ផែនការអភិវឌ្ឍន៍ទឹកស្អាតទីប្រជុំជនថ្នាក់ខេត្តជាគំរូសម្រាប់ខេត្តកំពត និងខេត្តព្រៃវែង និងផែនការមេរបស់រដ្ឋាករទឹកកំពត។
គម្រោងក៏បានពង្រឹងសមត្ថភាពមន្ត្រីជំនាញរបស់ក្រសួង និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រាជធានី-ខេត្ត ព្រមទាំងរដ្ឋាករទឹកសាធារណៈ តាមរយៈការចុះសិក្សាដល់មូលដ្ឋាន សិក្ខាសាលាបច្ចេកទេស ការបណ្តុះបណ្តាលនៅប្រទេសជប៉ុន និងការរៀបចំផែនការរួមគ្នា។
ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកោតសរសើរចំពោះរាជរដ្ឋាភិបាលជប៉ុន និង JICA សម្រាប់ភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែងជាមួយកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ “កម្មវិធីថ្ងៃនេះគឺជាការផ្សព្វផ្សាយសមិទ្ធផលនៃគម្រោង និងជាការបើកទំព័រថ្មីមួយសម្រាប់ការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា។ ឯកសារទាំងអស់ដែលគម្រោងសម្រេចបាន មិនមែនគ្រាន់តែជារបាយការណ៍ដែលរៀបចំឡើងសម្រាប់គម្រោងនេះប៉ុណ្ណោះទេ តែវាជាឧបករណ៍សម្រាប់ការគ្រប់គ្រង និងការធ្វើផែនការជាក់ស្តែង ដែលនឹងរួមចំណែកដល់វិស័យទឹកស្អាតរបស់កម្ពុជារហូតដល់ឆ្នាំ២០៤០។”
ឯកឧត្តមបានជំរុញឱ្យរដ្ឋាករទឹកសាធារណៈ និងមន្ទីររាជធានី-ខេត្តប្រើប្រាស់គោលការណ៍ណែនាំទាំងនេះយ៉ាងសកម្មក្នុងការរៀបចំផែនការវិនិយោគនាពេលអនាគត និងផែនការមេរបស់រដ្ឋាករទឹកនីមួយៗ ព្រមទាំងបានលើកទឹកចិត្តដល់ដៃគូអភិវឌ្ឍន៍ឱ្យផ្តល់ជំនួយស្របតាមទិសដៅជាតិ ដើម្បីពង្រឹងការសម្របសម្រួល និងពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតប្រកបដោយសុវត្ថិភាព និងនិរន្តរភាព។
លោក Sanui Kazumasa ប្រធានតំណាងទីភ្នាក់ងារ JICA ប្រចាំកម្ពុជា បានលើកឡើងថា សារសំខាន់នៃគម្រោងនេះមិនត្រឹមតែស្ថិតនៅលើសមិទ្ធផលបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅលើសមត្ថភាពស្ថាប័ន និងធនធានមនុស្សដែលត្រូវបានពង្រឹងតាមរយៈកិច្ចសហប្រតិបត្តិការរយៈពេល៣ឆ្នាំកន្លងមក។
លោក Kazumasa បានលើកឡើងថា៖ “យើងបានធ្វើការជាមួយគ្នា រៀនសូត្រជាមួយគ្នា និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា។ ខ្ញុំជឿជាក់ថា សមត្ថភាពធនធានមនុស្សនេះនឹងក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍរបស់កម្ពុជានាពេលអនាគត។”
លោក Kazumasa បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ JICA ក្នុងការបន្តគាំទ្រកម្ពុជាលើការពង្រឹងសមត្ថភាពស្ថាប័ន ការកែលម្អការគ្រប់គ្រងរដ្ឋាករទឹកសាធារណៈ ការជំរុញការវិនិយោគប្រកបដោយនិរន្តរភាព និងការពង្រីកលទ្ធភាពទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាតប្រកបដោយសុវត្ថិភាព និងអាចទុកចិត្តបាន។
គម្រោងក៏មានបំណងពង្រឹងសមត្ថភាពក្រសួងក្នុងការធ្វើនិយ័តកម្ម និងត្រួតពិនិត្យការផ្តល់សេវារបស់រដ្ឋាករទឹក និងប្រតិបត្តិករទឹកស្អាត ព្រមទាំងពង្រឹងការគ្រប់គ្រងវិស័យទឹកស្អាតនៅថ្នាក់រាជធានី-ខេត្ត។ លទ្ធផលនៃគម្រោងផ្តល់ឱ្យកម្ពុជានូវក្របខ័ណ្ឌរួមមួយ ដើម្បីប្រែក្លាយគោលដៅរយៈពេលវែងនៃវិស័យទឹកស្អាត ទៅជាផែនការ ការវិនិយោគ និងការអនុវត្តប្រកបដោយការសម្របសម្រួល។ ខ្លឹមសារ ផ្តល់ដោយ MISTI
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី