 
                        
2025-10-31
ឃី ភារៈ
2025-10-31
ឃី ភារៈ
ភ្នំពេញ៖ កម្ពុជាគ្រោងនឹងចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅខែធ្នូ ឆ្នាំ២០២៩ ហើយការផ្លាស់ប្តូរនេះនឹងនាំមកនូវលក្ខខណ្ឌតម្រូវថ្មីសម្រាប់ឧស្សាហកម្មក្នុងស្រុក ពោលគឺខ្សែច្រវាក់ផលិតកម្មសកលដែលមាន «តម្លៃបន្ថែមខ្ពស់ និងបញ្ចេញកាបូនទាប» ដោយការពង្រឹងហេដ្ឋារចនាសម្ព័ន្ធស្តង់ដារ ប្រព័ន្ធតាមដានប្រភពទំនិញ និងការអភិវឌ្ឍមូលធនមនុស្ស។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ក្នុងការផ្តល់បទអន្តរាគមន៍ក្នុង «កិច្ចប្រជុំកំពូលពិភពលោកស្តីពីរបៀបវារៈបៃតង និងនិរន្តរភាព ឆ្នាំ២០២៥» កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រំលេចពីការខិតខំរបស់កម្ពុជាដើម្បីពន្លឿនការផ្លាស់ប្តូរឆ្ពោះទៅរកកំណើននៃឧស្សាហកម្មដែលកាន់តែបៃតង វិលជុំ និងជំរុញដោយបច្ចេកវិទ្យា ទន្ទឹមនឹងនោះត្រៀមលក្ខណៈសម្រាប់ការចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច។
«បញ្ហាចំពោះមុខ មិនមែនថាតើយើងត្រូវធ្វើឧស្សាហូបនីយកម្ម ឬមិនធ្វើនោះទេ ប៉ុន្តែថាតើយើងធ្វើឧស្សាហូបនីយកម្មយ៉ាងដូចម្តេចឱ្យមាននិរន្តរភាព ដើម្បីធានាថា នវានុវត្តន៍ឧស្សាហកម្មដើរទន្ទឹមគ្នានឹងការការពារបរិស្ថាន»។ ឯកឧត្តម ហែម វណ្ណឌី លើឡើងដូច្នេះពាក់ពន្ធ័នឹង គោលបំណងរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យមានតុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ច ជាមួយនឹងទំនួលខុសត្រូវបរិស្ថាន និងការរំពឹងទុកកាន់តែខ្ពស់ពីទីផ្សារ។
សម្រាប់ការកំណត់ទិសដៅច្បាស់លាស់ឆ្ពោះទៅការកសាងភាពប្រកួតប្រជែងឧស្សាហកម្ម ឯកឧត្តមរដ្ឋមន្ត្រីឧស្សាហកម្ម គូសបញ្ជា្កក់ថា ទាំងនេះនឹងកើតចេញតាមរយៈការអនុវត្តគោលការណ៍និរន្តរភាព និងនវានុវត្តន៍ ដោយលើកកម្ពស់រោងចក្រឆ្លាតវៃ ពង្រឹងស្វ័យប្រវត្តិកម្ម និងរួមបញ្ចូលបច្ចេកវិទ្យាលេចធ្លោថ្មីៗដូចជា បញ្ញាសិប្បនិម្មិត ទៅក្នុងខ្សែច្រវាក់ផលិតកម្ម។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចនូវកំណែទម្រង់ និងឧបករណ៍គោលនយោបាយសំខាន់ៗរបស់កម្ពុជា រួមទាំងគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល ឆ្នាំ២០២២-២០៣០ និងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលគាំទ្រការកាត់បន្ថយកាបូន បង្កើនប្រសិទ្ធភាពធនធាន និងភាពប្រកួតប្រជែង។
ឯកឧត្តមក៏បានលើកឡើងពីកំណើននៃការវិនិយោគថ្មីៗក្នុងផលិតកម្មបៃតង រួមទាំងគម្រោងបច្ចេកវិទ្យារថយន្តថាមពលថ្មីនៅរាជធានីភ្នំពេញ និងនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ព្រមទាំងបានទទួលស្គាល់តួនាទីរបស់ដៃគូ ដូចជា UNIDO, SWITCH-Asia និង APO ក្នុងការជួយគាំទ្ររោងចក្រនៅកម្ពុជាឱ្យកាត់បន្ថយការបំភាយឧស្ម័ន និងចំណាយប្រតិបត្តិការ ទន្ទឹមនឹងនោះកែលម្អសុវត្ថិភាព និងពង្រឹងជំនាញនៅនឹងកន្លែងធ្វើការ។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលពិភពលោកស្តីពីរបៀបវារៈបៃតង និងនិរន្តរភាពឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល អ្នកដឹកនាំធុរកិច្ច អង្គការពហុភាគី និងអ្នកជំនាញផ្នែកនិរន្តរភាពមកពីទូទាំងអាស៊ីប៉ាស៊ីហ្វិក ជាវេទិកាសម្រាប់កិច្ចសន្ទនា និងពង្រឹងភាពជាដៃគូលើការអភិវឌ្ឍដែលឆ្លាតវៃនឹងអាកាសធាតុ ការកាត់បន្ថយកាបូន ការវិនិយោគលើសេដ្ឋកិច្ចវិលជុំ (ចក្រា) និងអនាគតនៃឧស្សាហូបនីយកម្មប្រកបដោយនិរន្តរភាព៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី