2025-10-27
គិត បុប្ផា
2025-10-27
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា កំពុងចរចាកិច្ចព្រមព្រៀង ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ (Double Taxation xation Agreement-DT Agreement-DTA) ជាមួយបណ្តារដ្ឋសមាជិកអាស៊ាន អាស៊ានបូកបី និងបណ្តាប្រទេស ឬយុត្តាធិការមួយចំនួនទៀត។
ការកិច្ចព្រមព្រៀងនេះ គឺផ្អែកលើលក្ខណវិនិច្ឆ័យ ចម្បង ដូចជាកាតព្វកិច្ចអន្តរជាតិ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រទេស ឬយុត្តាធិការដែលជាដៃគូវិនិយោគធំៗ និងតាមការស្នើសុំចរចារបស់បណ្តាប្រទេស ឬយុត្តាធិការទាំងនោះ។ លទ្ធផលកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា រាជរដ្ឋាភិបាល បានអនុម័តយល់ព្រម លើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឡាវ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។
លើសពីនេះ រាជរដ្ឋាភិបាល ក៏បានអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងរវាងកម្ពុជា និងរដ្ឋាភិបាលហ្វីលីពីន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ និងពិធីសារទី២ ដើម្បីធ្វើវិសោធនកម្ម លើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសិង្ហបុរី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
កិច្ចព្រមព្រៀង DTA នេះ ផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដែលជាការប៉ះប៉ូវវិញដល់ប្រទេសជាហត្ថលេខី ដូចជា ១. ការទាក់ទាញ និងជំរុញវិនិយោគនិងពាណិជ្ជកម្មអន្តរជាតិ, ២. កំណើនមូលដ្ឋានពន្ធ, ៣. រំហូរមូលធន, ៤. ការផ្ទេរ បច្ចេកវិទ្យា និងជំនាញពីបរទេសតាមរយៈបទប្បញ្ញត្តិស្តីពីសួយសារនិងសេវាបច្ចេកទេស, ៥.ការការពារនិវាសនជន កម្ពុជាដែលជាវិនិយោគិននៅបរទេស និង ៦.ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យពន្ធដារ ជាពិសេស ការទប់ស្កាត់ និងការបង្ក្រាបការគេចវេះពន្ធតាមរយៈការផ្លាស់ប្តូរព័ត៌មានរបស់អ្នកជាប់ពន្ធ។
កិច្ចព្រមព្រៀង DTA កម្ពុជា-ឡាវ និងកម្ពុជា-ហ្វីលីពីន បានឆ្លុះបញ្ចាំងអំពីគោលការណ៍សំខាន់ៗ នៃ គោលនយោបាយពន្ធដារអន្តរជាតិ និងច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដាររបស់កម្ពុជា ក៏ដូចជាតាមលំនាំគំរូ អង្គការសហប្រជាជាតិ ដែលមានលក្ខណៈអំណោយផលដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាកម្ពុជា។ បច្ចុប្បន្ននេះ កម្ពុជា មានកិច្ចព្រមព្រៀង DTA ជាមួយប្រទេសនិងយុត្តាធិការចំនួន ១១ រួមមាន សិង្ហបុរី ចិន ព្រុយណេ ថៃ វៀតណាម ឥណ្ឌូណេស៊ី តំបន់រដ្ឋបាលពិសេសហុងកុង ម៉ាឡេស៊ី សាធារណរដ្ឋកូរ៉េ តំបន់រដ្ឋបាល ពិសេសម៉ាកាវ និងតួកគី៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី