2025-10-03
ឃី ភារៈ
2025-10-03
ឃី ភារៈ
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ (CAFE25) ដ៏ធំបំផុតដំបូងបង្អស់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ វិច្ឆិកា នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម ជំរុញការកែច្នៃក្នុងវិស័យកសិ-ស្បៀងអាហារកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ព្រមទាំងទាក់ទាញវិនិយោគិនក្នុងស្រុកនិងក្រៅប្រទេស។
យោងតាមក្រសួងកសិកម្ម នាព្រឹកថ្ងៃទី៣ តុលា នេះក្រសួងបានរៀបចំសន្និសីទសារព័ត៌មាន ស្តីពី វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE25) ដោយឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាវាគ្មិន។ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ បានលើកឡើងថា ពិព័រណ៍កសិកម្មកម្ពុជារយៈពេល ៤ថ្ងៃ គឺជាគំនិតផ្ដួចផ្ដើមបង្កើតឡើងដោយឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តម ប្រាក់ ដាវីដ បន្តថា ការរៀបចំពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ ដែលជាគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា គឺដើម្បីផ្សារភ្ជាប់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម រួមមាន៖ កសិករអ្នកផលិត អ្នកកែច្នៃ ពាណិជ្ជករ វិនិយោគិន អ្នកតាក់តែងគោលនយោបាយ និងដៃគូអភិវឌ្ឍន៍នានា ផ្សារភ្ជាប់ទំនាក់ទំនង ផ្លាស់ប្តូរគំនិត និងចាប់យកឱកាសថ្មីៗសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យ-កសិស្បៀងអាហារនៅកម្ពុជាដែលកំពុងរីកចម្រើនជាមួយនឹងកសិផលសក្តានុពលជាច្រើនប្រភេទ។
បើតាម ឯកឧត្តម ឃឹម ហ្វីណង់អ្នកនាំពាក្យក្រសួងកសិកម្ម ព្រឹត្តិការណ៍ CAFE25 មានចំណុចលេចធ្លោប្លែកមិនធ្លាប់មាន ហើយក្រៅពីផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការទំនាក់ទំនងដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជរដ្ឋាភិបាល វិនិយោគិនក្នុងស្រុក ក្រៅស្រុក និងអ្នកជំនាញអាជីវកម្មកសិកម្មនានា ព្រឹត្តិការណ៍ CAFE25 ផ្តោតការយកចិត្តទុកដាក់ចំពោះកសិករជាចម្បង។
អ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថា តាមរយៈកម្មវិធីទស្សនកិច្ចរបស់កសិករ កសិករជាង ៨,០០០នាក់នៅទូទាំងប្រទេស នឹងត្រូវបានសម្របសម្រួលដើម្បីចូលរួមទស្សនាពិព័រណ៍ដោយផ្ទាល់ ដែលការណ៍នេះផ្តល់ឱកាសដ៏ពិសេសសម្រាប់អាជីវកម្មក្នុងការផ្សារភ្ជាប់ដោយផ្ទាល់ជាមួយកសិករកម្ពុជាដែលមកពីគ្រប់តំបន់។
ដោយឡែកតាមរយៈសន្និសីទសារព័ត៌មាននាថ្ងៃនេះ លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា សង្ឃឹមថា ជំរុញឱ្យអ្នកសាព័ត៌មានចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍នេះឱ្យបានទូលំទូលាយបន្ថែមទៀត។ លោកជំទាវ បញ្ជាក់ថាក្រសួងបានត្រៀមខ្លួនរួចរាល់ដើម្បីសហការជាមួយស្ថាប័នសារព័ត៌មាន ផ្ដល់បទសម្ភាស និងបទយកការណ៍ផ្សេងៗ ដើម្បីធានាថា សាធារណជន កសិករ សហគមន៍កសិកម្ម ក្រុមហ៊ុន សហគ្រាស និងដៃគូអភិវឌ្ឍនានា នឹងអាចទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយអំពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។
គួរបញ្ជាក់ថា វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ (CAFE25) គឺជាព្រឹត្តិការណ៍កសិកម្មដ៏ធំបំផុតដំបូងបង្អស់ដឹកនាំរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការពីក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជននានា។ ព្រឹត្តិការណ៍ CAFE25 នឹងក្លាយជាវេទិកាប្រវត្តិសាស្រ្តដ៏រស់រវើក ដែលមានគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញវិនិយោគិនក្នុងស្រុកនិងក្រៅប្រទេស និងជំរុញការកែច្នៃក្នុងវិស័យកសិ-ស្បៀងអាហារកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី