2025-05-21
គន ម៉េងហុង
2025-05-21
គន ម៉េងហុង
ភ្នំពេញ៖ កម្ពុជា-អូស្រ្តាលី ពិភាក្សាអំពីការបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាលើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រួមទាំងការផ្ដល់អាហារូបករណ៍ដល់សិក្ខាកាម និងនិស្សិតកម្ពុជា ដើម្បីដកស្រង់បច្ចេកទេស និងបទពិសោធពីអូស្ត្រាលីបន្ថែមទៀត។
ក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ជាមួយឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក Cameron Baker ប្រធានគណៈកម្មការជំនាញនៃរដ្ឋអូស្ត្រាលីខាងត្បូង (South Australia-SA) ប្រទេសអូស្រ្តាលី បានកោតសរសើរចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានប្ដេជ្ញាចិត្តបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការផ្ដល់ឱកាសការងារសម្រាប់ពលរដ្ឋកម្ពុជា។
ជាមួយគ្នានេះ លោក Cameron Baker ក៏បានបង្ហាញពីការស្វាគមន៍ចំពោះការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អូស្ត្រាលី បន្ថែមទៀត ដើម្បីចូលរួមជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដោយយកចិត្តទុកដាក់ ចំពោះការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងការធ្វើទំនើបកម្មប្រព័ន្ធបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ដែលកំពុងមានសក្តានុពលនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ហេង សួរ។
ក្នុងជំនួបពិភាក្សាការងារដដែលនេះ ឯកឧត្តម ហេង សួរ ក៏បានបញ្ជាក់ថា៖ «ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីពង្រីកវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត ដែលឆ្លើយតបតាមតម្រូវការទីផ្សារការងារ និងការរីកចម្រើននៃវិស័យបច្ចេកវិទ្យានៅលើសកលលោក»។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី