2026-06-12
ទូច សូរិយា
2026-06-12
ទូច សូរិយា
ភ្នំពេញ៖ លោកស្រី Izumi Nakamitsu អគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានកោតសរសើរចំពោះជំនាញរបស់កម្ពុជា ក្នុងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបានបន្សល់ទុកពីសង្គ្រាម។ លោកស្រី បានបន្ថែមថា ការងារបោសសម្អាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ គឺជាកិច្ចការដែលទាមទារការចំណាយពេលវេលា និងធនធានច្រេីន។
ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី Izumi Nakamitsu ក៏បានកោតសរសើរចំពោះសមត្ថភាព និងបទពិសោធន៍របស់កងកម្លាំងរបស់កម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងប្រតិបត្តិការរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅបណ្តាប្រទេសជាច្រើន ដែលការណ៍នេះបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការចូលរួមថែរក្សាសន្តិភាព និងការចែករំលែកបទពិសោធដ៏ល្អទៅកាន់ពិភពលោក។
ក្នុងជំនួបនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងអំពីសមិទ្ធផលនានាដែលកម្ពុជាសម្រេចបានក្នុងការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងជោគជ័យរបស់កម្ពុជាដែលបានធ្វេីជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី ពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា នៅខេត្តសៀមរាប កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ សម្តេចធិបតី បានរំលឹកអំពីផលវិបាកនៃសង្គ្រាមដែលកម្ពុជាបានឆ្លងកាត់នាពេលកន្លងមក និងបានសង្កត់ធ្ងន់ថា សង្គ្រាមមិនអាចដោះស្រាយបញ្ហាបានឡើយ ហើយនៅទីបំផុត មានតែការចរចា និងការរក្សាឱ្យបាននូវសន្តិភាពប៉ុណ្ណោះ ទើបជាកត្តាគន្លឹះដ៏សំខាន់បំផុត។
ជាមួយគ្នានេះ សម្តេចធិបតី និងលោកស្រីអគ្គលេខាធិការរង ក៏បានផ្លាស់ប្តូរមតិគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន និងបានឯកភាពគ្នាអំពីសារសំខាន់ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយគោរពតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ក្នុងនោះ សម្តេចធិបតី ក៏បានលើកឡើងពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដែលមានស្រាប់រវាងកម្ពុជានិងថៃ៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី