2026-05-09
ទូច សូរិយា
2026-05-09
ទូច សូរិយា
ភ្នំពេញ៖ គម្រោងមេគង្គ-ឡានឆាងថ្មីមួយ ទទួលបានការគាំទ្រថវិកាប្រមាណ ១៧ម៉ឺនដុល្លារ ពីរដ្ឋាភិបាលនៃប្រទេសចិន សម្រាប់រយៈពេល ១៥ខែ ដោយផ្តោតលើការជំរុញបរិវត្តកម្មឌីជីថលក្នុងចំណោមសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ពិសេសសម្រាប់សហគ្រាសដឹកនាំដោយស្ត្រី និងអាជីវកម្មដែលមាននិរន្តរភាពបរិស្ថាន នៅក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម។
ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោង កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ហែម វណ្ណឌី បានបង្ហាញពីតួនាទីសំខាន់របស់ MSMEs ដែលជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ ដែលមិនត្រឹមតែបង្កើតការងារ និងបង្កើនប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាតួអង្គស្នូលក្នុងការជំរុញនវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន។
ជាមួយគ្នានេះ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលចិន បានប្តេជ្ញាបន្តធ្វើការជិតស្និទ្ធជាមួយបណ្តាប្រទេសនៃតំបន់មេគង្គ ដើម្បីពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជំនាន់ទី២ (LMC 2.0) ប្រកបដោយសាមគ្គីភាព និងបើកចំហ ដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ នវានុវត្តន៍បៃតង សន្តិភាព និងភាពសុខុដុមរមនា ដើម្បីរួមគ្នាកសាងនូវទសវត្សរ៍មាសថ្មីនៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង។ ក្នុងនោះ ឆ្នាំ២០២៦ នេះ គឺជាខួបទី១០ នៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលបានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។
ឯកឧត្តម ហែម វណ្ណឌី បានបន្តថា ក្នុងបរិបទសេដ្ឋកិច្ចពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងរហ័ស បច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ បានក្លាយជាកាតាលីករក្នុងការកំណត់សមត្ថភាពប្រកួតប្រជែងរបស់ MSMEs ក៏ដូចជាភាព ធន់របស់សេដ្ឋកិច្ចជាតិ និងតំបន់។ ទន្ទឹមនឹងនេះ សហគ្រាសជាច្រើន កំពុងប្រឈមនឹងបញ្ហា ដូចជាផលិតភាពនៅមានកម្រិត ជំនាញឌីជីថល ការចាប់យកច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យាថ្មីៗ នៅមិនទាន់ទូលំទូលាយ៕
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី