2026-01-03
ទូច សូរិយា
2026-01-03
ទូច សូរិយា
ភ្នំពេញ៖ លោក ឮ ចាន់ណូរ៉ា បុរាណវិទូ និងជាមន្រ្តីនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាសាទអូរថ្មដាប់ គឺមានគម្រោងជួសជុលរយៈពេល ៤ខែ ដោយក្រុមផ្នែកអភិរក្ស បានជួសជុលនៅផ្នែកខាងកើតដែលមានស្នាមប្រេះចាប់ពីហោជាងខាងក្រោមដល់កំពូលខាងលើ និងដំឡើងខ្លោងទ្វារថ្មភក់ ផ្តែរ សសរពេជ្រ រួមនឹងពង្រឹងស្នាមប្រេះនៅផ្នែកខាងលិច ក្នុងនោះ ក្រុមការងារ ក៏បានសម្អាតរុក្ខជាតិដែលនៅផ្នែកកំពូលឱ្យបានស្អាតផងដែរ។
លោក ឮ ចាន់ណូរ៉ា បានឱ្យដឹងថា ប្រាសាទអូរថ្មដាប់ ដែលមានរូបរាងពេញល្អ និងមានក្បាច់លម្អក្រឡោតខ្ពស់នៅតាមជ្រុងនីមួយៗ ដែលភ្ញៀវទេសចរអាចទៅទស្សនាបាននេះ ក្រុមការងារបានដំឡើងខ្លោងទ្វារឡើងវិញ ដែលជាការបន្ថែមសោភ័ណភាពប្រាសាទ និងទាក់ទាញដល់អ្នកទេសចរចូលទៅទស្សនាឱ្យកាន់តែច្រើន។ ប្រាសាទនេះ ជាប្រាសាទមួយក្នុងចំណោមប្រាសាទឥដ្ឋតិចតួចនៅលើភ្នំគូលែន ដែលបន្សល់នូវរូបរាងពេញលេញ ក្រៅពីនោះ គឺនៅសល់ស្នាកស្នាមបន្តិចបន្តួច ដូចជាគ្រឹះ ឬគំនរឥដ្ឋប៉ុណ្ណោះ។
ប្រាសាទអូរថ្មដាប់ ដែលមានអាយុកាលជាង ១២០០ឆ្នាំ មិនធ្លាប់មានការជួសជុលឡើយនេះ គឺគ្រាន់តែធ្លាប់មានការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា និងការថែទាំទល់ទ្រសម្អាតជាប្រចាំប៉ុណ្ណោះ។ មុនពេលជួសជុលប្រាសាទនេះ មានការប្រេះហែកផ្នែកខាងកើតពីក្រោមដល់លើ និងស្រុតថ្មជាដើម។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា គឺតែងតែយកចិត្តទុកដាក់ និងជំរុញឱ្យក្រុមការងាររៀបចំគម្រោងជួសជុលប្រាសាទនៅតំបន់ភ្នំគូលែនជាហូរហែ លោក ឮ ចាន់ណូរ៉ា អះអាងថា ការងារនេះ ដើម្បីអភិរក្សប្រាសាទបុរាណផង និងលើកស្ទួយវិស័យទេសចរណ៍នៅតំបន់ភ្នំគូលែនផង៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី