2024-05-10
ទូច សូរិយា
2024-05-10
ទូច សូរិយា
ភ្នំពេញ៖ តាមការសិក្សាស្រាវជ្រាវរបស់ Harvard Business Review បានបង្ហាញថា ភាពជោគជ័យក្នុងបរិវត្តកម្មឌីជីថល ត្រូវមានសសរស្តម្ភចំនួន៤ ដូចជា ការលើកកម្ពស់ផ្នែកបច្ចេកវិទ្យាព័ត៌មាន, ការធ្វើឌីជីថលនីយកម្មលើប្រតិបត្តិការ, ការធ្វើទីផ្សារឌីជីថល និងការបង្កើតឱកាសថ្មី។ នេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤។
អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បានឱ្យដឹងថា សសរស្តម្ភទី១ គឺការលើកកម្ពស់ផ្នែកបច្ចេកវិទ្យាព័ត៌មាន (IT uplift) សម្រាប់ក្រុមហ៊ុនអាជីវកម្មជាច្រើន បរិវត្តកម្មឌីជីថលត្រូវបានចាប់ផ្តើមឡើង ដែលត្រូវធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (IT Infrastructure), ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធចល័ត (Mobile Infrastructure), ឃ្លាំងរក្សាទុកទិន្នន័យ (Data Lakes), និងពពក (Cloud)។
ចំពោះ សសរស្តម្ភសំខាន់ទី២ នៃបរិវត្តកម្មឌីជីថលគឺ ការធ្វើឌីជីថលនីយកម្មលើប្រតិបត្តិការ (Digitizing operations) ជាការប្រើប្រាស់ឌីជីថលសម្រាប់ជួយដល់ដំណើរប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាព សាមញ្ញ សមហេតុផល និងប្រសើរជាងមុន ដែលគោលដៅនៃចំណុចនេះ សំដៅដល់ការប្រើប្រាស់ឧបករណ៍ឌីជីថល រួមមាន៖ បច្ចេកវិទ្យាទំនើបៗ ដូចជាបញ្ញាសិប្បនិម្មិត (AI), 5G និង Internet of Things (IoT) ដើម្បីសម្រួលដល់កំណើននៃអាជីវកម្ម។
ចំណែកទី៣ ការធ្វើទីផ្សារឌីជីថល(Digital marketing) ជាការប្រើប្រាស់ឧបករណ៍ឌីជីថលសម្រាប់ពង្រីកទីផ្សារ និងការលក់ រួមទាំងជាដំណោះស្រាយឌីជីថលដ៏ល្អសម្រាប់ការយកឈ្នះលើតម្រូវការអតិថិជន, បង្កើត និងបង្កើនចំណាប់អារម្មណ៍អំពីផលិតផលរបស់អ្នក, កំណត់គោលដៅអតិថិជន និងការលក់ផលិតផលតាមអនឡាញ។ សសរស្តម្ភមួយនេះ គឺមានភាពខុសប្លែកពីសសរស្តម្ភដទៃទៀត ដែលបានផ្តោតលើការប្រើប្រាស់ឧបករណ៍ឌីជីថល(Digital tools) ដើម្បីមានទំនាក់ទំនង និងលក់ផលិតផលទៅឱ្យអតិថិជន។
រីឯ សសរស្តម្ភចុងក្រោយគឺ ការបង្កើតឱកាសថ្មី (New ventures) មានន័យថា ឌីជីថលបានបើក និងពាំនាំនូវឱកាសថ្មីៗជាច្រើនសម្រាប់ក្រុមហ៊ុនដែលកំពុងមានវត្តមាន ការចាប់យកឱកាសនេះ តម្រូវឱ្យមានការអភិវឌ្ឍនវានុវត្តន៍ និងសមត្ថភាពឌីជីថល ដើម្បីសាកល្បង និងឈានឆ្ពោះទៅរកប្រភពនៃកំណើនថ្មី។ ក្នុងន័យនេះ ការប្រើប្រាស់ឌីជីថល អាចផ្តល់នូវឱកាសដើម្បីបង្កើតម៉ូដែលអាជីវកម្មថ្មី ផលិតផលថ្មី និងសេវាកម្មថ្មី រួមទាំងអាចចូលរួមជាមួយនឹងប្រព័ន្ធអេកូឡូស៊ីដ៏ធំមួយ ដែលអាចបង្កើតប្រភពនៃកំណើនថ្មី៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី