2026-02-07
គិត បុប្ផា
2026-02-07
គិត បុប្ផា
ភ្នំពេញ៖ អាងហែលទឹក ស្រុកកោះធំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងគោលបំណងឱ្យពលរដ្ឋហែលទឹកកម្សាន្ត ដើម្បីសុខភាព ពិសេសលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលចង់ក្លាយខ្លួនជាកីឡាករ-កីឡាការិនីជម្រើសជាតិបន្តវេន អាចមកហ្វឹកហាត់ពង្រឹងសមត្ថភាពហែលទឹក ដើម្បីឈានទៅប្រកួតដណ្តើមមេដាយនៅកីឡាស៊ីហ្គេម និងកីឡាហែលទឹកផ្សេងៗទៀតលើឆាកអន្តរជាតិ។
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាងហែលទឹក ស្រុកកោះធំ និងការប្រកួតកីឡាហែលទឹក ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានជំរុញលើកទឹកចិត្តដល់យុវជនដែលជាសសរទ្រូងនៃប្រទេសជាតិ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យងាកមកចាប់យកការលេងកីឡាជាទម្លាប់ប្រចាំថ្ងៃ។ ឯកឧត្តម បានគូសបញ្ជាក់ថា ការហាត់ប្រាណនិងលេងកីឡា មិនត្រឹមតែជាការពង្រឹងសុខភាពរាងកាយ និងបញ្ញាស្មារតីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាខែលការពារដ៏រឹងមាំក្នុងការទប់ស្កាត់ និងបញ្ជៀសពីការប្រព្រឹត្តអំពើអបាយមុខ និងសកម្មភាពអវិជ្ជមានផ្សេងៗក្នុងសង្គមផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីសន្ទុះនៃការរីកចម្រើននៃវិស័យកីឡាជាតិ ដែលមិនអាចកាត់ផ្ដាច់បានពីការគាំទ្រយ៉ាងពេញទំហឹង និងការផ្តល់អាទិភាពខ្ពស់ពីរាជរដ្ឋាភិបាល រួមជាមួយកិច្ចសហការយ៉ាងស្អិតរមួតពីវិស័យឯកជន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញធនធាន និងថវិកាសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលកីឡាករ។ ក្នុងឱកាសនេះដែរ ឯកឧត្តម បានរំលឹកដោយមោទនភាពនូវសមិទ្ធផល និងជ័យលាភីដ៏ត្រចះត្រចង់ដែលកីឡាករ កីឡាការិនីហែលទឹកកម្ពុជាសម្រេចបាននៅលើវេទិកាអន្តរជាតិ ជាពិសេសភាពជោគជ័យជាប្រវត្តិសាស្ត្រនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ជោគជ័យដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងនោះ មិនត្រឹមតែជាមេដាយដែលពាក់នៅលើទ្រូងរបស់កីឡាករប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញឱ្យពិភពលោកបានឃើញពីឆន្ទៈដ៏មហិមារបស់កូនខ្មែរ និងជាកម្លាំងចិត្តយ៉ាងស្វាហាប់សម្រាប់យុវជនជំនាន់ក្រោយ ឱ្យខិតខំហ្វឹកហាត់ដើម្បីឈានទៅដណ្តើមមោទនភាពជូនជាតិមាតុភូមិនាពេលអនាគត៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី