2025-10-23
ទូច សូរិយា
2025-10-23
ទូច សូរិយា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កិច្ចប្រជុំគណ:កម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) រយៈពេលពីរថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៤ ដែលបញ្ចប់នៅរំលងអាធ្រាត្រចូលថ្ងៃទី២៣ នេះ កម្ពុជា-ថៃ បានឯកភាពគ្នាបន្តធ្វើសកម្មភាពតាមលក្ខណៈបច្ចេកទេស ដើម្បីកំណត់ការវាស់វែងរួមគ្នា និងបោះបង្គោលបណ្ដោះអាសន្ន។
សម្តេចធិបតី បានបន្តថា ភាគីទាំងពីរ បានឯកភាពប្រើប្រាស់ផែនទី១/២០០.០០០ សន្ធិសញ្ញា១៩០៧ និងកំណត់ហេតុបោះបង្គោល របស់គណៈកម្មការបោះបង្គោលបារាំង-សៀម ធ្វើជាមូលដ្ឋាន ដែលលទ្ធផល ទទួលបាន នឹងផ្ទៀងផ្ទាត់ជាមួយការកាន់កាប់ជាក់ស្ដែងរបស់ប្រជាពលរដ្ឋទាំងសងខាង សម្រាប់ធ្វើការដោះស្រាយបន្ត។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មានតែវិធីសាស្ត្រខាងលើនេះទេ ទើបភាគីទាំងពីរអាចឈានទៅរកដំណោះស្រាយមួយដែលត្រឹមត្រូវសម្រាប់រយៈពេលវែង និងជួយឱ្យបញ្ហាដែលកើតមាននៅភូមិជោគជ័យ និងព្រៃចាន់ អាចដោះស្រាយបញ្ចប់បាន ហើយប្រជាពលរដ្ឋ អាចរស់នៅប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញបាន ជៀសវាងអូសបន្លាយបញ្ហាអោយបន្តនៅរ៉ាំរ៉ៃរយៈពេលវែងទៅមុខ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បញ្ហាដែលកើតមានឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលចាប់ផ្ដើមឡើងពីការប្រើប្រាស់លួសបន្លានិងកង់ឡានរបស់យោធាថៃ ធ្វើការហ៊ុមព័ទ្ធផ្ទះ និងដីអាស្រ័យផលមួយចំនួនរបស់ប្រជាពលរដ្ឋនៅទីនោះ ក្នុងរយៈពេលជាង ២ខែកន្លងមកនេះ បានបង្កនូវការលំបាកដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋដទៃទៀត ដែលកំពុងរស់នៅក្នុងភូមិទាំងពីរ។ បញ្ហានេះក៏បានបង្កនូវភាពតានតឹងក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរយើងទាំងក្នុង និងក្រៅប្រទេសដែលតាមដានបញ្ហានេះ។
ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា វិធីសាស្ត្រត្រជាក់ដែលរាជរដ្ឋាភិបាលបានប្រកាន់យកនៅពេលកន្លងមក ពេលខ្លះមិនអាចទទួលបាននូវលទ្ធផលដែលយើងចង់បានភ្លាមៗ ខណ:ដែលការស្វែងរកដំណោះស្រាយហាក់ដូចជាគ្មានលទ្ធផល ហើយសកម្មភាពជាក់ស្តែងនៅទីនោះកាន់តែធ្ងន់ធ្ងរទៅៗ ដែលធ្វើឱ្យពលរដ្ឋមួយចំនួនអាចមានអារម្មណ៍អស់សង្ឃឹម និងគិតថានឹងគ្មានដំណោះស្រាយណាមួយនោះទេ។ បន្ថែមលើនេះ សកម្មភាពមួយចំនួនរបស់ភាគីថៃ ដូចជាការរាវមីន ការបែងចែកដីឱ្យប្រជាពលរដ្ឋថៃ ឬការបំផ្លាញអគារ នៅក្នុងកន្លែងដែលកងទ័ពថៃបានហ៊ុមព័ទ្ធរួចទៅហើយ បានធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានអារម្មណ៍ថាប្រហែលជានឹងគ្មានដំណោះស្រាយ ហើយអ្នកខ្លះរហូតដល់មានការយល់ច្រឡំថារាជរដ្ឋាភិបាលកម្ពុជាបានលួចឯកភាពកាត់ដីខ្មែរឱ្យគេដើម្បីប្ដូរយកបទឈប់បាញ់ឬ កិច្ចព្រមព្រៀងសន្តិភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់សាជាថ្មីថា គ្មានការលួចឯកភាពនៅក្នុងការកាត់ទឹកដីដែលស្ថិតនៅក្នុងដែនអធិបតេយ្យ ស្របច្បាប់របស់កម្ពុជាណាមួយទៅឱ្យប្រទេសណាមួយ ដើម្បីដោះដូរជាមួយនឹងការចរចាបទឈប់បាញ់ឬការចរចាសន្តិភាពនោះទេ។ កម្ពុជា មិនរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសជិតខាងនោះទេ ប៉ុន្តែកម្ពុជាក៏មិនយល់ព្រមឱ្យមានការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានោះដែរ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី