2025-10-14
គិត បុប្ផា
2025-10-14
គិត បុប្ផា
ភ្នំពេញ៖ ការបង្កើតខ្សែទស្សនកិច្ចតភ្ជាប់ពីតំបន់ទេសចរណ៍បេតិកភណ្ឌសៀមរាប-អង្គរ ទៅកាន់តំបន់ឆ្នេរ នឹងជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើនឡើងថែមទៀត រវាងប៉ូលទេសចរណ៍ដ៏សំខាន់ទាំងពីររបស់កម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។
ការតភ្ជាប់តំបន់ទេសចរណ៍បេតិកភណ្ឌសៀមរាប-អង្គរ ទៅកាន់តំបន់ឆ្នេរ គឺដើម្បីជំរុញការស្នាក់នៅរបស់ភ្ញៀវទេសចរឱ្យស្នាក់នៅបានកាន់តែយូរជាងមុន និងចំណាយឱ្យបានច្រើនជាងមុន តាមរយៈការធ្វើពិពិធកម្មផលិតផលទេសចរណ៍ និងព្រឹត្តិការណ៍ទេសចរណ៍ ពីតំបន់បេតិកភណ្ឌសៀមរាប-អង្គរមកកាន់ខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា ទាំង៤ រួមមានខេត្តកែប កំពត ព្រះសីហនុ និងកោះកុង។
ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការតភ្ជាប់តំបន់ទេសចរណ៍បេតិកភណ្ឌសៀមរាប-អង្គរ ទៅកាន់តំបន់ឆ្នេរ នៅសណ្ឋាគារសង្គហមិត្តខេត្តកែប ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលចូលរួមពង្រឹង ពង្រីកផលិតផល និងសេវាកម្មទេសចរណ៍ឱ្យស្របតាមស្តង់ដា និងនវានុវត្តន៍តំបន់ និងអន្តរជាតិ ពិសេសចូលរួមទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនា និងស្នាក់នៅកម្ពុជា ដែលបង្កើតឱកាសការងារដល់ពលរដ្ឋ ដើម្បីជាកាតាលីករជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីទេសចរណ៍ ក៏បានជម្រាបជូនអង្គសិក្ខាសាលាបន្ថែមទៀតថា ដើម្បីចូលរួមបង្កើនភាពទាក់ទាញ និងជំរុញកំណើនទេសចរណ៍កម្ពុជា គឺត្រូវយកចិត្តទុកដាក់កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តគាំទ្រវិស័យទេសចរណ៍, ការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍, ការធ្វើពិពិធកម្មផលិតផលទេសចរណ៍, ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍តភ្ជាប់។ លើសពីនេះ គឺត្រូវចូលរួមយ៉ាងសកម្ម និងទទួលខុសត្រូវរួមគ្នា ពីគ្រប់តួអង្គពាក់ព័ន្ធនៅក្នុងវិស័យទេសចរណ៍ ដើម្បីរក្សាឧត្តមភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជានៅក្នុងតំបន់ និងសកលលោក៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី