2025-10-02
ឃី ភារៈ
2025-10-02
ឃី ភារៈ
ភ្នំពេញ៖ កម្ពុជា ត្រូវការកញ្ចប់ទឹកប្រាក់ប្រមាណជាង ១៣,៦ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍ផ្លូវថ្នល់ ផ្តោតលើផ្លូវល្បឿនលឿន ផ្លូវជាតិ និងផ្លូវខេត្តសរុបចំនួន ៩៤គម្រោង ត្រឹមឆ្នាំ២០៣៣។ នេះបើតាមរបាយការណ៍វឌ្ឍនភាពឆមាសទី១ ឆ្នាំ២០២៥ ស្ដីពីការអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា។
តាមរបាយការណ៍ ដែលចេញផ្សាយនាពេលថ្មីៗនេះ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់មានសរុបចំនួន ៩៤គម្រោង ដែលគ្រោងទឹកប្រាក់វិនិយោគសរុបចំនួន ១៣ ៦០២,៤៣លានដុល្លារ ក្នុងនោះផ្លូវល្បឿនលឿនចំនួន ៩គម្រោង ស្មើនឹងទំហំវិនិយោគ ៧ ១៧៣,៦៩លានដុល្លារ និងផ្លូវជាតិ/ផ្លូវខេត្តចំនួន ៨៥គម្រោង ស្មើនឹង ៦ ៤២៨,៧៤លានដុល្លារ។ គម្រោងទាំងនេះ គ្រោងអនុវត្តក្នុងរយៈពេលខ្លី និងមធ្យម ២០២៣-២០២៧ និងរយៈពេលវែង ២០២៨-២០៣៣។
របាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្នុងចំណោមគម្រោងរយៈពេលខ្លី និងមធ្យមទាំង ៣៥គម្រោង មានគម្រោងកំពុងដំណើរការចំនួន ៧គម្រោង ដោយឡែកគម្រោងចំនួន១០ ត្រូវបានបញ្ចប់រួចរាល់ មិនតែប៉ុណ្ណោះ មានគម្រោងចំនួន៦ គ្រោងនឹងអនុវត្តដែលកំពុងសិក្សាបុរេសមិទ្ធិលទ្ធភាព ជ្រើសរើសក្រុមហ៊ុនដេញថ្លៃ ឬពុំទាន់មានកិច្ចសន្យា រួមមាន៖១. គម្រោងផ្លូវថ្មីបាត់ដំបង-សៀមរាប (ថវិកាកម្ចីភាគីចិន) ដែលកំពុងសិក្សាសមិទ្ធិលទ្ធភាព, ២.គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងសៀមរាប (ថវិកាកម្ចីភាគីកូរ៉េ) ដែលកំពុងជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស។
៣. គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត (EX6 និង EX5), ៤.គម្រោងសាងសង់ផ្លូវខ្សែក្រវាត់ក្រុងខ្សែទី២ ភ្ជាប់ពីស្ពានមិត្តភាព កម្ពុជា-កូរ៉េ (ផ្សាររាត្រី-អរិយក្សត្រ) ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដោយបានបង្កើតនូវក្រុមការងារ អនុវត្តគម្រោងរួចរាល់, ៥. គម្រោងសាងសង់ឡើងវិញផ្លូវជាតិលេខ៨ និង៦, គម្រោងផ្លូវជាតិលេខ ៥០C និងស្ពានឆ្លងទន្លេសាប ខេត្តកំពង់ឆ្នាំង កំពង់ធំ ដែលកំពុងស្ថិតក្នុងការសិក្សាសមិទ្ធិលទ្ធភាពដំបូង។
រាជរដ្ឋាភិបាល បាននិងកំពុងខិតខំប្រឹងប្រែងអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មនៅគ្រប់ច្រកល្ហក ដូចជាការសាងសង់ និងការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់, ការលើកកម្រិតសមត្ថភាពផ្លូវដែកទាំងពីរខ្សែ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកទន្លេ និងការពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធកំពង់ផែអន្តរជាតិទាំងពីរ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់ការធ្វើពាណិជ្ជកម្មក្នុងស្រុក និងទៅកាន់ពិភពលោក។
ទោះបីជាយ៉ាងនេះក្តី ក៏បញ្ហាប្រឈមនៅតែកើតមានក្នុងវិស័យភស្តុភារកម្ម ដោយសារកត្តាមួយចំនួនដូចជាភាពតានតឹងនៅក្នុងតំបន់ សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន និងសង្គ្រាមនូវតំបន់មជ្ឈិមបូព៌ាក៏នៅបន្តអូសបន្លាយនាំឱ្យការធ្វើពាណិជ្ជកម្មអន្តរជាតិ នៅតែស្ថិតនៅក្នុងភាពមិនច្បាស់លាស់៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី