2025-09-04
ឃី ភារៈ
2025-09-04
ឃី ភារៈ
ភ្នំពេញ៖ ចំពោះករណីដែលកើតឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ ដោយភាគីថៃ បានធ្វើសកម្មភាពជាឯកតោភាគី ប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការយ៉ាងសកម្ម ដោយប្រើយន្តការគ្រប់លំដាប់ថ្នាក់ ដែលមានជាធរមាន ដើម្បីតវ៉ាទៅកាន់ភាគីថៃ និងជូនដំណឹងទៅកាន់ភាគីពាក់ព័ន្ធ តាមគ្រប់មធ្យោបាយការទូតដោយស្របតាមច្បាប់អន្តរជាតិ។
យោងតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីថ្ងៃទី១២ សីហា មកទល់នឹងពេលនេះ ដែលភាគីថៃ ធ្វើសកម្មភាពជាឯកតោភាគីទាំងបំពានមកលើកម្ពុជា នៅក្នុងឃុំអូរបីជាន់ ក្រសួងការបរទេសកម្ពុជា បានធ្វើកំណត់ទូតតវ៉ាចំនួន ៣លើក ទៅកាន់ក្រសួងការបរទេសថៃ និងបានលើកឡើងក្នុងវេទិកានានា និងជាមួយអង្គការអន្តរជាតិជាច្រើនលើក រួមទាំងអង្គការសហប្រជាជាតិ ជាដើម។
ជាមួយគ្នានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ច និងពិនិត្យផ្ទាល់ ដោយមានការអញ្ជើញចូលរួមពីអង្គទូត ភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលនានា ទៅកាន់ភូមិជោគជ័យ និងភូមិព្រៃចាន់ និងកន្លែង ដែលរងគ្រោះពីការប៉ះទង្គិចប្រដាប់អាវុធ កាលពីចុងខែកក្កដាកន្លងទៅផងដែរ។
ក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ចំនួន ១លើក និងគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ (RBC) ចំនួន ៤លើក កាលពីពេលកន្លងទៅ ភាគីកម្ពុជា បានលើកឡើងជាចម្បងអំពីកិច្ចការពារបូរណភាពទឹកដីនេះដែរ។ ទន្ទឹមនឹងនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានធ្វើលិខិតកំណត់ទូតតវ៉ា ចំនួន ៣លើក ក្នុងនាមគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ទៅកាន់សមភាគីថៃ។ ដោយឡែកអាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏បានធ្វើលិខិតតវ៉ាចំនួន ២លើក ទៅកាន់អាជ្ញាធរខេត្តស្រះកែវរបស់ ប្រទេសថៃផងដែរ។
បន្ថែមលើនេះ ស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជាគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា បានធ្វើកិច្ចការងារជាមួយដៃគូរបស់ខ្លួន ដោយបានដាក់ញ្ញត្តិសុំអន្តរាគមន៍ជាបន្ទាន់លើសកម្មភាពឯកតោភាគីរបស់ភាគីថៃ ជូនអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិ ទទួលបានទីជម្រកសមរម្យ ការិយាល័យឧត្តម ស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីអាគ្នេយ៍ គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុក សិទ្ធិមនុស្ស (អាយឆា) ទាំង១០ប្រទេស និងស្ថាប័នជាតិសិទ្ធិមនុស្សឯករាជ្យផ្សេងៗទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី