2025-08-06
ទូច សូរិយា
2025-08-06
ទូច សូរិយា
ភ្នំពេញ៖ មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងបរិវេណវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីលើកកម្ពស់ការកែច្នៃអាហារ និងភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងឧស្សាហកម្មផលិតអាហារនៅកម្ពុជា។
គម្រោងសហប្រតិបត្តិការនេះ មានគោលដៅលើកកម្ពស់ខ្សែច្រវាក់តម្លៃ ពង្រឹងភាពអនុលោមតាមស្តង់ដា និងជួយឱ្យសហគ្រាសក្នុងស្រុកអភិវឌ្ឍផលិតផលអាហារដែលមានគុណភាពសម្រាប់ទីផ្សារ និងការនាំចេញ។ មជ្ឈមណ្ឌលនេះ គឺបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ រួមមានខ្សែច្រវាក់ផលិតកម្មគំរូ, ផ្នែកវិភាគគុណភាព និងសុវត្ថិភាពអាហារ, ផ្នែកគាំទ្របច្ចេកទេសសម្រាប់សហគ្រាស, និងសាលពិព័រណ៍សម្រាប់ការតាំងបង្ហាញផលិតផលក្នុងស្រុក និងផលិតផលពីប្រទេសកូរ៉េ។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា មជ្ឈមណ្ឌលថ្មីនេះ តំណាងឱ្យជំហានឆ្ពោះទៅមុខដ៏សំខាន់ ក្នុងការបង្កើតឱកាសសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដើម្បីបង្កើនសុវត្ថិភាព និងគុណភាពផលិតផលអាហារ។ តាមរយៈការគាំទ្រក្នុងស្រុក និងសក្តានុពលនាំចេញទៅអន្តរជាតិ មជ្ឈមណ្ឌលនេះ នឹងដើរតួនាទីសំខាន់ក្នុងការបង្កើតតម្លៃបន្ថែមសម្រាប់ផលិតផលក្នុងស្រុក បង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ច។
មជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារកម្ពុជា-កូរ៉េនេះ មានខ្សែច្រវាក់ផលិតកម្មគំរូ បំពាក់ដោយម៉ាស៊ីនទំនើបចំនួន ៨៣ គ្រឿង ដែលត្រូវបានរៀបចំឡើងដើម្បីផ្តល់លទ្ធភាពឱ្យសហគ្រាសក្នុងស្រុក ធ្វើការសាកល្បងកែច្នៃផលិតផលអាហារថ្មីៗ។ ម៉ាស៊ីនទាំងនេះ មានសមត្ថភាពកែច្នៃវត្ថុធាតុដើម ដូចជាសាច់ បន្លែ និងគ្រាប់ធញ្ញជាតិ ទៅជាផលិតផលគុយទាវ-មី អាហារសម្រន់ ភេសជ្ជៈ និងអាហារសុខភាពជាច្រើនប្រភេទ។ ចំពោះ ផ្នែកវិភាគគុណភាព និងសុវត្ថិភាពអាហារ មានឧបករណ៍បច្ចេកវិទ្យាចំនួន ៣៤ គ្រឿង រួមទាំងម៉ាស៊ីន HPLC-MSMS និងម៉ាស៊ីន ICP-OES សម្រាប់ធ្វើតេស្តវិភាគច្បាស់លាស់លើសារធាតុចិញ្ចឹម សារធាតុពុល សារធាតុបន្ថែម សំណល់ថ្នាំសម្លាប់សត្វល្អិត លោហធាតុធ្ងន់ និងសារធាតុកខ្វក់នៃអតិសុខុមប្រាណ ដែល គាំទ្រផលិតផលអាហារកម្ពុជាឱ្យទទួលបានវិញ្ញាបនបត្រអន្តរជាតិ ដូចជា HACCP និង GMP ជាដើម។
លើសពីនេះ លោកបណ្ឌិត Paik Hyun Dong ប្រធានវិទ្យាស្ថានស្រាវជ្រាវអាហារកូរ៉េ (KFRI) បានបញ្ជាក់ថា គម្រោងនេះ មិនត្រឹមតែផ្តល់ការគាំទ្រផ្នែកបច្ចេកទេសប៉ុណ្ណោះទេ តែក៏កសាងហេដ្ឋារចនាសម្ព័ន្ធ បណ្តុះបណ្តាលអ្នកជំនាញ និងគាំទ្រសហគ្រាសធុនតូចនិងមធ្យមឱ្យត្រៀមខ្លួនសម្រាប់ឧស្សាហូបនីយកម្ម និងការឈានចូលទីផ្សារជាក់ស្តែង។
បន្ថែមពីនេះ សហគ្រាសធុនតូច និងមធ្យម ក៏នឹងទទួលបានអត្ថប្រយោជន៍ពីជំនួយបច្ចេកទេស ការចែករំលែកចំណេះដឹង និងសេវាប្រឹក្សាយោបល់ផ្សេងៗ រួមទាំងការគាំទ្រដើម្បីទទួលបានវិញ្ញាបនបត្រចាំបាច់។ លើសពីនេះ សាលពិព័រណ៍នៃមជ្ឈមណ្ឌល នឹងផ្តល់ជាវេទិកាមួយសម្រាប់ការតាំងបង្ហាញផលិតផល បង្ហាញករណីជោគជ័យ លើកកម្ពស់ទំនុកចិត្តអ្នកប្រើប្រាស់ និងជំរុញកិច្ចសហការរវាងសហគ្រាសផលិតអាហារកម្ពុជា និងសហគ្រាសនៅប្រទេសកូរ៉េផងដែរ។
លោក Jung Jae Hak អនុប្រធាននាយកដ្ឋានកំណើនសកល នៃវិទ្យាស្ថានអភិវឌ្ឍន៍បច្ចេកវិទ្យាកូរ៉េ (KIAT) បានលើកឡើងថា តាមរយៈខ្សែច្រវាក់ផលិតកម្មគំរូ ការធ្វើតេស្តវិភាគផលិតផលអាហារ និងការបណ្តុះគំនិតអាជីវកម្មថ្មីៗ យើងចង់រួមចំណែកបង្កើតប្រព័ន្ធអេកូឡូស៊ីកែច្នៃអាហារកម្ពុជាប្រកបដោយចីរភាព។ វិទ្យាស្ថានអភិវឌ្ឍន៍បច្ចេកវិទ្យាកូរ៉េ នឹងបន្តគាំទ្រមជ្ឈមណ្ឌលនេះ ឱ្យក្លាយជាមជ្ឈមណ្ឌលនៃកិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍សម្រាប់ប្រទេសទាំងពីរ។
ឯកឧត្តម ហែម វណ្ណឌី ក៏បានលើកទឹកចិត្តវិស័យឯកជន ពិសេសសិប្បកម្ម និងសហគ្រាសកម្មន្តសាលក្នុងស្រុក ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាកែច្នៃអាហារ កម្ពុជា-កូរ៉េ ដើម្បីពង្រឹងសមត្ថភាពនវានុវត្តន៍កែច្នៃអាហារ លើកតម្កើងគុណតម្លៃផលិតផល និងវត្ថុធាតុដើមក្នុងស្រុក ដើម្បីឆ្លើយទៅនឹងស្ដង់ដាជាតិ និងអន្ដរជាតិ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី