2025-07-30
ឃី ភារៈ
2025-07-30
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ខេត្តបន្ទាយមានជ័យ និងបានណែនាំអំពីវិធីសាស្ត្រនៃការថែទាំសុខភាព ដោយត្រូវអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដូចជាការរក្សាអនាម័យ ការហូបស្អាត សម្រាន្តក្នុងមុង ដើម្បីបង្ការខ្លួនពីជំងឺគ្រុនឈាម គ្រុនចាញ់ និងចំអិនអាហារឱ្យបានឆ្អិនល្អ ជៀសវាងការបង្កជាជំងឺរាករូស គ្រុនក្តៅ ក្អួត ពុលចំណីអាហារផ្សេងៗ។
ក្នុងឱកាសសំណោះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋភៀសសឹក នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងថា៖ «ខ្ញុំមកទីនេះក្នុងនាមសមាជិកគ្រួសារមួយជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា និងសូមផ្តាំផ្ញើសួរសុខទុក្ខ ជូនបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ»។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការផ្ញាំផ្ញើសួរសុខទុក្ខ និងសម្ភារប្រើប្រាស់ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈក្រសួងសុខាភិបាល ជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីជួយដោះស្រាយការលំបាក។
បន្ទាប់ពីបញ្ចប់សំណេះសំណាល និងផ្តល់អំណោយជូន ប្រជាពលរដ្ឋភៀសសឹក ឯកឧត្តមសាស្ត្រាចារ្យ បានចុះពិនិត្យ និងសួរសុខទុក្ខមន្រ្តីសុខាភិបាល នៅតាមស្តង់ប្រចំាការសុខភាព និងសម្តែងនូវការកោតសរសើរដល់មន្រ្តីសុខាភិបាល ដែលខិតខំបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានឆន្ទៈមុះមុត ក្នុងនាមជាកងទ័ពអាវស។ ទន្ទឹមនឹងនេះ បងប្អូនប្រជាពលរដ្ឋ បានសម្តែងភាពរីករាយ និងភាពកក់ក្តៅ ចំពោះការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំទីសុវត្ថិភាពនេះ ជាមួយការថែទាំសុខភាព ប្រកបដោយប្រសិទ្ធិភាព។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាល៕
នាំមកជូនដោយ