2025-06-30
គិត បុប្ផា
2025-06-30
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា (MoEYS) និងទីភ្នាក់ងារការិយាល័យកណ្តាល (JICA) បានចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចពិភាក្សាសម្រាប់ការស្ទង់មតិជំហានដំបូងគម្រោងការបង្កើតវិទ្យាស្ថានគរុកោសល្យ (TEC) នៅខេត្តកំពង់ចាម ដើម្បីលើកកម្ពស់សមត្ថភាពគ្រូបង្រៀន ដែលបានទទួលការបណ្តុះបណ្តាលនៅវិទ្យាស្ថានគរុកោសល្យខេត្ត។
តាមការចុះផ្សាយរបស់ ទីភ្នាក់ងារ JICA ការបង្កើតវិទ្យាស្ថានគរុកោសល្យនេះ ក៏មានគោលបំណងផ្តល់សម្ភារបរិក្ខារអប់រំ និងឧបករណ៍ចាំបាច់សម្រាប់ធ្វើឱ្យប្រសើរឡើងនូវគ្រឹះស្ថានអប់រំគ្រូបង្រៀន ដែលមានស្រាប់ទៅជាវិទ្យាស្ថានគរុកោសល្យ ដើម្បីរួមចំណែកពង្រឹងប្រព័ន្ធអប់រំគ្រូបង្រៀន និងលើកកម្ពស់គុណភាពអប់រំកម្រិតមូលដ្ឋាន។ គំនិតផ្តួចផ្តើមថ្មីនេះ បង្កើតក្រោមការគាំទ្រជាយូរមកហើយរបស់ JICA សម្រាប់ការអប់រំគ្រូ នៅកម្ពុជា។ ចំពោះរដ្ឋាភិបាលជប៉ុន បានគាំទ្រដល់ការអភិវឌ្ឍន៍វិទ្យាស្ថានគរុកោសល្យនៅភ្នំពេញ និងខេត្តបាត់ដំបង ក្រោមគម្រោងជំនួយហិរញ្ញប្បទានឥតសំណង «គម្រោងសាងសង់វិទ្យាសា្ថនគរុកោសល្យ»។
ស្របគ្នានោះ JICA បានអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស រយៈពេលប្រាំមួយឆ្នាំ ដែលគេស្គាល់ថា ជាគម្រោងកសាងមូលដ្ឋានគ្រឹះសម្រាប់វិទ្យាស្ថានគរុកោសល្យ ហៅកាត់ថា E-TEC Project ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការផ្លាស់ប្តូរកម្មវិធីអប់រំគ្រូបង្រៀនរបស់កម្ពុជា ទៅកាន់កម្មវិធីអប់រំគ្រូបង្រៀនរយៈពេលបួនឆ្នាំ (១២+៤)។ គម្រោងនេះដែរ គឺមានគោលដៅបន្តពង្រឹងវិទ្យាស្ថានគរុកោសល្យបន្ថែមទៀត ដោយ JICA បច្ចុប្បន្នកំពុងអនុវត្តគម្រោងការលើកកម្ពស់វិទ្យាស្ថានគរុកោសល្យ ដើម្បីគុណភាពការអប់រំកម្រិតមូលដ្ឋាន ហៅកាត់ថា S-TEC Project។ គម្រោងនេះ ផ្តោតលើការកែលម្អការអប់រំបឋមសិក្សា និងមធ្យមសិក្សា តាមរយៈកម្មវិធីបណ្តុះបណ្តាលគ្រូ ដែលប្រសើរឡើងនៅភ្នំពេញ និងខេត្តបាត់ដំបង។
វិទ្យាស្ថានគរុកោសល្យក្នុងខេត្តកំពង់ចាម ដែលនឹងបង្កើតនាថ្ងៃខាងមុខនេះ ត្រូវបានគេរំពឹងថា នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយវិសមភាពក្នុងតំបន់ក្នុងការអប់រំគ្រូបង្រៀន និងរួមចំណែកដល់ការកែលម្អរយៈពេលវែង ក្នុងវិស័យអប់រំកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី