2025-05-14
ឃី ភារៈ
2025-05-14
ឃី ភារៈ
ភ្នំពេញ៖ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកណ្តាល ចុះអនុស្សរណៈយោគយល់គ្នា (MoU) លើកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ ក្នុងការធានាគុណភាពទឹក និងការពារសុខភាពសាធារណៈ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចបៃតង។ ការចុះ MOU នេះ ត្រូវបានធ្វើឡើងដោយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។
ជាមួយគ្នានេះ ឯកឧត្តម គួច ចំរើន បានលើកឡើងថា តាមរយៈការចុះ MoU រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយក្រសួងបរិស្ថាន នឹងជួយការពារកុំឱ្យតំបន់ទឹកសាធារណៈមានការបំពុលពីវិស័យឧស្សាហកម្ម ដែលស្របទៅនឹងអនុសាសន៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជំរុញឱ្យក្រសួងអាជ្ញាធរត្រូវណែនាំដល់រោងចក្រ-សហគ្រាស រៀបចំប្រព័ន្ធត្រួតពិនិត្យគុណភាពទឹក មុនធ្វើប្រព្រឹត្តិកម្មទឹកបញ្ចេញទៅទីសាធារណៈ។
នាឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងថា ការបំពុលបរិស្ថាន មិនមែនមានតែវិស័យឧស្សាហកម្មមួយប៉ុណ្ណោះ គឺនៅមានវិស័យផ្សេងៗជាច្រើនទៀតដូចជា វិស័យគីមី វិស័យថាមពល និងវិស័យកសិកម្មជាដើម។ លើសពីនេះ ការប្តេជ្ញាចិត្តរួមគ្នា នឹងលុបបំបាត់ការបំពុលដែលបណ្តាលមកពីសំណល់រាវ ទឹកកខ្វក់ពីរោងចក្រ សហគ្រាស និងប្រភពផ្សេងៗទៀត ដែលមិនបានឆ្លងកាត់ការប្រព្រឹត្តិកម្មត្រឹមត្រូវ។
ឯកឧត្តម អ៊ាង សុផល្លែត បានបន្តថា បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់គុណភាពទឹក និងសុខភាពសាធារណៈប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ជីវៈចម្រុះ សោភ័ណភាព និងសក្តានុពលទេសចរណ៍ផងដែរ។ គួរបញ្ជាក់ថា ខេត្តកណ្តាល មានរោងចក្រ-សហគ្រាសប្រមាណជាង ៣០០រោងចក្រ-សហគ្រាស និងបានចុះកិច្ចសន្យាបំពាក់ឧបករណ៍ស្វ័យប្រវត្តិប្រមាណជាង ២០រោងចក្រ-សហគ្រាស សម្រាប់ការត្រួតពិនិត្យគុណភាពទឹកមុននឹងបង្ហូរចេញទៅតំបន់សាធារណៈ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី