2025-05-11
ឃី ភារៈ
2025-05-11
ឃី ភារៈ
ភ្នំពេញ៖ ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពីពន្ធអាករ បានប្រមាណ ១ ២៥៣,៨៧លានដុល្លារ ស្មើនឹង ៥ ០២៨,០១ប៊ីលានរៀល ស្មើនឹង ៣០,៨៨% នៃផែនការដែលបានកំណត់ក្នុងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៥។ សម្រាប់ចំនួន នៃចំណូលនេះត្រូវបានប្រមូលបានជាក់ស្តែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ។ នេះបើតាមព្រឹត្តិបត្រពន្ធដារ ត្រីមាសទី១ ដែលចេញផ្សាយដោយអគ្គនាយកដ្ឋានពន្ធដារ។
ទាក់ទងនឹងចំណូលពន្ធអាករតាមប្រភេទអ្នកជាប់ពន្ធ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលសម្រាប់រយៈពេល ៣ខែ ដើមឆ្នាំ២០២៥ មានដូចជា៖ ចំណូលពន្ធអាករពីអ្នកជាប់ពន្ធធំចំនួន ៤ ០៩២,៤១ប៊ីលានរៀល ស្មើនឹង ៨១,៣៩% ធៀបនឹងចំណូលពន្ធអាករសរុប, ចំណូលពន្ធអាករពីអ្នកជាប់ពន្ធមធ្យម ចំនួន ៧៣៧,៩១ប៊ីលានរៀល ស្មើនឹង ១៤,៦៨% ធៀបនឹងចំណូលពន្ធអាករសរុប, ចំណូលពន្ធអាករពីអ្នកជាប់ពន្ធតូចចំនួន ៣៣,៤៧ប៊ីលានរៀល ស្មើនឹង ០,៦៧% ធៀបនឹងចំណូលពន្ធអាករសរុប និងចំណូលពន្ធអាករពីប្រភេទពន្ធផ្សេងៗ ដែលរាប់ទាំងពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ ពន្ធលើអចលនទ្រព្យ និងពន្ធផ្សេងៗ មានចំនួន ១៦៤,២០ប៊ីលានរៀល ស្មើនឹង៣,២៧% ធៀបនឹងចំណូលពន្ធអាករសរុប។
ដោយឡែកសម្រាប់ការប្រមូលចំណូលតាមប្រភេទពន្ធសំខាន់ៗ រួមមាន៖ ពន្ធលើប្រាក់ចំណូលចំនួន ២ ៣៣២,៧០ប៊ីលានរៀល, អាករលើតម្លៃបន្ថែមចំនួន ៩០២,៤០ប៊ីលានរៀល, អាករពិសេសចំនួន ២០៤,០០ ប៊ីលានរៀល, ពន្ធលើប្រាក់បៀវត្សចំនួន ៤០៦,០៩ ប៊ីលានរៀល, ពន្ធប្រថាប់ត្រាសរុប (ផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ) ចំនួន ១៤៤,២៥ ប៊ីលានរៀល, ពន្ធកាត់ទុកទូទៅចំនួន ៨៥៤,៩៥ ប៊ីលានរៀល និងផ្សេងៗចំនួន ១៨៣,៣៦ប៊ីលានរៀល។ ទាក់ទងនឹងស្ថានភាពចំណូលពន្ធតាមសកម្មភាពអាជីវកម្មសំខាន់ៗ គឺចំណូលពន្ធពីសកម្មភាពកម្មន្តសាល សកម្មភាពសេវាហិរញ្ញវត្ថុនិងធានារ៉ាប់រង និងអាហរ័ណ-នីហរ័ណ គឺជាចំណូលពន្ធចម្បង និងលេចធ្លោជាងគេ។
ជាក់ស្តែង ចំណូលពន្ធអាករពីចំណូលពន្ធ ពីសកម្មភាពកម្មន្តសាលមានចំនួន ៩២៥,៧៧ប៊ីលានរៀល, សកម្មភាពសេវាហិរញ្ញវត្ថុនិងធានារ៉ាប់រងមានចំនួន ១ ២៥៤,៨២ប៊ីលានរៀល និងចំណូលពន្ធអាករពីសកម្មភាពនីហរ័ណ អាហរ័ណមានចំនួន ៦៤៩,៦៣ប៊ីលានរៀល។ ទន្ទឹមនឹងនេះ ចំណូលពន្ធពីសកម្មភាព ដែលកើនឡើងគួរឱ្យកត់សម្គាល់សម្រាប់រយៈពេល ៣ខែ ដើមឆ្នាំ២០២៥ គឺចំណូលពន្ធអាករបានមកពីការផ្គត់ផ្គង់អគ្គិសនី ចំហាយទឹក និងខ្យល់ត្រជាក់ បើធៀបនឹងរយៈពេល និងសកម្មភាពដូចគ្នានៃឆ្នាំ២០២៤ កើនឡើងចំនួន ៤០,៩៧ប៊ីលានរៀល ស្មើនឹង ៨១,១៧% និងចំណូលពន្ធអាករបានមកពី ប្រតិបត្តិការ និងអាជីវកម្មធនធានរ៉ែ បើធៀបនឹងរយៈពេលនិងសកម្មភាពដូចគ្នា នៃឆ្នាំ២០២៤ កើនឡើងចំនួន ១៤,៧៧ប៊ីលានរៀល ស្មើនឹង ៥៣,២០%៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី