2026-01-14
ទូច សូរិយា
2026-01-14
ទូច សូរិយា
ភ្នំពេញ៖ រាជរដ្ឋាភិបាល សម្រេចផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគ និងធុរកិច្ច ចំនួន២៤ ក្នុងខេត្តព្រះសីហនុ សម្រាប់ដើមឆ្នាំ២០២៦ ក្រោមទុនវិនិយោគជាង ២០៨លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៣ ១២០កន្លែង។ គម្រោងទាំង២៤ ដែលផ្តល់គោលការណ៍លើកទឹកចិត្តនេះ មានជាអាទិ៍ រោងចក្រផលិត និងដំឡើងឧបករណ៍ចម្អិន, រោងចក្រផលិតប្រេងសម្រាប់ឧស្សាហកម្មកែច្នៃផលិតផលកៅស៊ូ, រោងចក្រផលិតសម្ភារពេទ្យ, គម្រោងរោងចក្រកែច្នៃម្សៅត្រី, អគារពហុមុខងារ និងអគារស្នាក់នៅរួម។
គម្រោងចំនួន២៤ នោះ រួមមានគម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងចំនួន៨, គម្រោងថ្មីចំនួន១៥ និង គម្រោងពង្រីកចំនួន១។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានលើកឡើងថា រាជរដ្ឋាភិបាលសម្រេចឯកភាពជាគោលការណ៍ក្នុងការបន្តអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ រយៈពេល ២ ឆ្នាំរហូតដល់ដំណាច់ឆ្នាំ ២០២៧ ដោយបន្ថែមវិធានការចំនួន ៤ ទៀត ដើម្បីបន្តជំរុញសកម្មភាពវិនិយោគ និងធុរកិច្ច សំដៅប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏រឹងមាំ។
ក្រុមការងារមានភារកិច្ចស្នូល ឬ ការងារសំខាន់ៗចំនួន៤ មានដូចជា៖ ការងារទី១ គឺផ្តល់គោលការណ៍លើកទឹកចិត្ត, ការងារទី២ គឺផ្តល់ការលើកទឹកចិត្តជាក់ស្តែង, ការងារទី៣ គឺខិតខំជំរុញការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក ឱ្យបានជាអតិបរិមា និងការពង្រឹងសមត្ថភាពកម្មករ និយោជិត និងផលិតករ រួមទាំង ការផ្ទេរជំនាញ និងបច្ចេកវិទ្យា, ការងារទី៤ គឺជំរុញការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និង ការតភ្ជាប់ឧស្សាហកម្ម។ គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៤-២០២៥ ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ដល់គម្រោងចំនួន៤១២ ដែលមានទុនវិនិយោគសរុបប្រមាណ ៧ ៩៧១ លានដុល្លារ និង ប៉ាន់ស្មានអាចបង្កើតការងារ ៥២ ០០៤ កន្លែង ក្នុងនោះគម្រោងវិនិយោគពាក់ព័ន្ធអគារជាប់គាំងចំនួន ១៩៤ គម្រោង, គម្រោងវិនិយោគថ្មី ១៧៨ គម្រោង, គម្រោងពង្រីក ២៥ គម្រោង និងគម្រោងវិនិយោគមានស្រាប់ ១៥ គម្រោង៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី