2026-01-09
ទូច សូរិយា
2026-01-09
ទូច សូរិយា
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានលើកទឹកដល់យុវជន ដែលជាកម្លំាងស្នូលរបស់ប្រទេសជាតិ ក៏ដូចជាពលរដ្ឋទូទៅ ឱ្យប្រែក្លាយឱកាសឈឺចាប់ពីការឈ្លានពានរបស់ប្រទេសថៃលើអធិបតេយ្យកម្ពុជា ទៅជាឱកាសក្នុងការពង្រឹងចំណេះដឹង ពង្រឹងសមត្ថភាព ពង្រឹងសេដ្ឋកិច្ច ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន ជឿនលឿនទៅមុខបន្ថែមទៀត។
ក្នុងឱកាសអញ្ជើញទទួលអំណោយសប្បុរសធម៌ពី លោក ម៉ៃ ចាន់នាង អគ្គនាយកក្រុមហ៊ុន Oudon Express សម្តេច ឃួន សុដារី បានបញ្ជាក់ថា នៅគ្រាលំបាកនេះ យើងមិនត្រូវដេកដួលតាមសភាពការណ៍នោះឡើយ តែយើងត្រូវសិក្សា ត្រូវខិតខំសិក្សារៀនសូត្រឱ្យកាន់តែខ្លំាង អ្នកប្រកបអាជីវកម្មរកទទួលទាន ត្រូវខិតខំពង្រីកចង្វាក់ផលិតកម្មរបស់ខ្លួន ធ្វើយ៉ាងណាឱ្យមានការរីកចម្រើន ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនឆាប់រហ័សទៅមុខ។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះ លោកអគ្គនាយកក្រុមហ៊ុន Oudon Express ដែលបាននាំមកនៅថវិកា ១លានរៀល អង្ករ២តោន ទឹកបរិសុទ្ធ ៥០កេស មី៥០កេស នំ៦កេសធំ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈសម្តេចប្រធានរដ្ឋសភា ដើម្បីចែកជូនដល់វីរកងទ័ព និងពលរដ្ឋភៀសសឹក។ ចំពោះ អំណោយសប្បុរសធម៌ដែលរដ្ឋសភា ទទួលបានពីសប្បុរជននានា គឺត្រូវបានបែងចែកជូនដល់រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មានដូចជា ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័ន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកោះកុង សម្រាប់ធ្វើការបែងចែកបន្តជូនវីរកងទ័ពនិងពលរដ្ឋភៀសសឹក។ រីឯ ថវិកានិងសម្ភារមួយចំនួនទៀត គឺសម្រាប់ចែកជូនវីរយុទ្ធជនដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងសម្រាប់ជូនក្រុមគ្រួសារវីរយុទ្ធជន ដែលបានពលីជីវិតជាដើម។
ក្នុងឱកាសនោះ សម្តេច ឃួន សុដារី បានលើកទឹកចិត្ត លោក ម៉ៃ ចាន់នាង និងអ្នកវិនិយោគក្នុងស្រុកទំាងអស់ ដែលបន្តខិតខំប្រែក្លាយឱកាសឈឺចាប់ដែលកម្ពុជាកំពុងជួបប្រទះនេះ ក្លាយជាកាលានុវត្តន៍ថ្មី ក្នុងការពង្រឹងពង្រីកមុខរបរ ឬអាជីវកម្មរបស់ខ្លួន ឱ្យកាន់តែសម្បូរបែបឡើង ផ្គត់ផ្គង់តម្រូវការក្នុងស្រុកជំនួសរាល់ផលិតផលនាំចូល។ ការផលិតបាននូវផលិតផល ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋមិនត្រឹមជួយឱ្យសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិចម្រើនប៉ុណ្ណោះទេ ថែមទំាងធ្វើឱ្យកម្ពុជាមានឯករាជ្យនិងម្ចាស់ការលើគ្រប់វិស័យ។
សម្តេចប្រធានរដ្ឋសភា ក៏បានលើកឡើងពីយុទ្ធសាស្រ្តក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីរបស់រាជរដ្ឋាភិបាល ដែលបន្តអនុវត្តនូវគោលការណ៍ស្ងាត់តែមិនស្ងៀម ទោះបីពេលនេះ បទឈប់បាញ់បានកំពុងអនុវត្តយ៉ាងណាក្តី តែយើងត្រូវការការឧបត្ថម្ភគាំទ្រ ទាំងស្មារតីនិងសម្ភារជូនវីរយុទ្ធជន និងគ្រួសាររបស់គាត់ជាបន្តទៀត។ គួរបញ្ជាក់ថា រដ្ឋសភា នៅតែបន្តទទួលអំណោយសប្បុរសធម៌ និងបន្តបែងចែកអំណោយទាំងអស់នោះ តាមគោលដៅតម្រូវការ ធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅ និងផ្សារភ្ជាប់ជានិច្ចរវាងយុទ្ធជនជួរមុខនិងពលរដ្ឋជួរក្រោយ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី