2025-12-24
គិត បុប្ផា
2025-12-24
គិត បុប្ផា
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បើកកិច្ចប្រជុំលើកទី៥ ដើម្បីពិនិត្យវឌ្ឍនភាព អនុម័តឯកសារគោលនយោបាយ និងកំណត់ទិសដៅអាទិភាព សម្រាប់ជំរុញរបៀបវារៈជាតិផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សំដៅបង្កើនភាពប្រកួតប្រជែង ភាពធន់ និងកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងនោះកិច្ចប្រជុំ បានកំណត់អាទិភាពស្រាវជ្រាវ និងអភិវឌ្ឍន៍ ដែលផ្តោតលើតម្រូវការជាក់ស្តែងរបស់វិស័យឯកជន។
កិច្ចប្រជុំក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលផ្តោតលើតួនាទីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងភាពធន់របស់ជាតិ នេះដែរ ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ ក៏បានកំណត់អាទិភាពក្របខ័ណ្ឌផ្ទេរបច្ចេកវិទ្យា និងការបង្កើតថ្នាលសាកល្បងនវានុវត្តន៍ (innovation sandbox), ការបង្កើនផលិតភាពសម្រាប់សហគ្រាសធុនតូច និងមធ្យម តាមរយៈបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍជំនាញ, និងការកសាងមូលធនមនុស្សរយៈពេលវែង ពិសេសជំនាញ STEM។
ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បានសង្កត់ធ្ងន់លើកិច្ចសហការ និងការទទួលខុសត្រូវរួមរបស់ក្រសួង-ស្ថាប័ន ជាអង្គតែមួយរបស់ជាតិ ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជាតិ ដោយផ្តោតលើការប្រែក្លាយគោលនយោបាយទៅ ជាលទ្ធផលដែលអាចវាស់វែងបាន ព្រមទាំងសារសំខាន់ជាយុទ្ធសាស្ត្រនៃបច្ចេកវិទ្យាក្នុងបរិបទតំបន់ និងសកលនាពេលបច្ចុប្បន្ន។ ឯកឧត្តម បានលើកឡើងថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវផ្តល់គុណប្រយោជន៍ជាក់ស្តែងសម្រាប់សង្គម-សេដ្ឋកិច្ច ពិសេសពង្រឹងភាពប្រកួតប្រជែង និងគាំទ្រសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាពរបស់ជាតិ។ ឯកឧត្តមបានបន្ថែមថា បច្ចេកវិទ្យាមានសារសំខាន់ មិនត្រឹមតែសម្រាប់ការកសាងភាពធន់នៃសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សមត្ថភាព សន្តិសុខ និងការត្រៀមលក្ខណៈរបស់ជាតិផងដែរ។
កិច្ចប្រជុំក៏បានពិនិត្យ និងអនុម័តឯកសារចំនួនពីរ គឺល័ក្ខខ័ណ្ឌវិនិច្ឆ័យសម្រាប់វាយតម្លៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងគោលការណ៍ណែនាំស្ដីពីការទាក់ទាញបុគ្គលមានទេពកោសល្យសម្រាប់កម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យក្រសួង-ស្ថាប័ន សាកលវិទ្យាល័យ គ្រឹះស្ថានស្រាវជ្រាវ និងវិស័យឯកជន បន្តពង្រឹងកិច្ចសហការពន្លឿនគោលដៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ឆ្ពោះទៅការសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី